(ប៊ែរឡាំង)៖ វីដេអូឃ្លីបដែលសហរដ្ឋអាមេរិក បានបញ្ចេញមិនអាចបញ្ជាក់បានថាអ៉ឺរ៉ង់គឺជាអ្នកនៅ ពីក្រោយការវាយប្រហារលើកប៉ាល់ដឹកប្រេង២គ្រឿង នៅឯឈូងសមុទ្រអូម៉ង់ កាលពីថ្ងៃព្រហស្បតិ៍ នោះទេ។ នេះបើតាមរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ ដកស្រង់ចេញផ្សាយ ដោយសារព័ត៌មាន RT នៅថ្ងៃសៅរ៍ ទី១៥ ខែមិថុនា ឆ្នាំ២០១៩។

រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Heiko Maas ធ្វើការកត់សម្គាល់បែបនេះ ប្រាប់អ្នកសារព័ត៌មាននៅក្នុងប្រទេសន័រវែស នៅថ្ងៃសុក្រសប្ដាហ៍នេះ។ លោក Maas បានគូសបញ្ជាក់ដូច្នេះថា៖ «វីដេអូដែលសហរដ្ឋអាមេរិកបានបញ្ចេញ មិនទាន់មានភស្ដុតាង គ្រប់គ្រាន់បង្ហាញថាអ៉ីរ៉ង់គឺជាអ្នកទទួលខុសត្រូវចំពោះ ការវាយប្រហារលើកប៉ាល់ដឹកប្រេង២គ្រឿង នៅឈូងសមុទ្រអូម៉ង់នោះឡើយ...ហើយរហូតដល់មានការសន្និដ្ឋានចុងក្រោយ វីដេអូឃ្លីបនេះ ក៏មិនទាន់គ្រប់គ្រាន់ឡើយសម្រាប់ខ្ញុំដែរ»

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក នៅថ្ងៃសុក្រសប្ដាហ៍នេះ បានបញ្ចេញវីដេអូឃ្លីបមួយដែលខ្លួនអះអាង ថាបង្ហាញពីសកម្មភាពកងកម្លាំងពិសេសអ៉ីរ៉ង់ជាច្រើននាក់ កំពុងដោះគ្រាប់មីនមិនទាន់ផ្ទុះចេញពី កប៉ាល់ដឹកប្រេងជប៉ុនមួយគ្រឿង ក្នុងចំណោមកប៉ាល់ដឹកប្រេងទាំង២គ្រឿង ដែលរងការ វាយប្រហារ។

បន្ថែមពីលើនេះ ដោយសំអាងលើវីដេអូនេះទៀតសោត ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងលោករដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមបេអូ ក៏បានចោទប្រកាន់អ៉ីរ៉ង់ផងដែរថាជាអ្នកវាយប្រហារលើកប៉ាល់ដឹកប្រេងជប៉ុន និងន័រវែស បើទោះជាទីក្រុងតេហេរ៉ង់បដិសេធក៏ដោយ៕