(ញូយ៉ក)៖ បេសកកម្មទូតអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ បានជំរុញ ឱ្យទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្ត អាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ា បញ្ឈប់សកម្មភាពញុះញង់បង្កសង្រ្គាម និងការទម្លាក់កំហុសគ្មានមូលដ្ឋាន ច្បាស់លាស់លើអ្នកដទៃ បន្ទាប់ពីក្រសួងការបរទេសអាមេរិកចោទប្រកាន់អ៊ីរ៉ង់ថា ជាអ្នកនៅពីក្រោយ ការវាយប្រហារលើកប៉ាល់ដឹកប្រេង២គ្រឿង នៅឈូងសមុទ្រអូម៉ង់កាលពីថ្ងៃព្រហស្បតិ៍។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ២០១៩។

នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃសុក្រនេះ បេសកកម្មទូតអ៊ីរ៉ង់ ប្រចាំអង្គការសហប្រជាជាតិ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការប្រឌិត និងការផ្សព្វផ្សាយព័ត៌មានមិនពិត រួមទាំងការចោទប្រកាន់គេឯងដោយ គ្មានមូលដ្ឋានមិនចេះអៀនខ្មាស់ មិនអាចផ្លាស់ប្ដូរការពិតបានឡើយ... ដូច្នេះសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត របស់ខ្លួនត្រូវតែបញ្ឈប់ជាបន្ទាន់នូវសកម្មភាពញុះញង់ចង់ឱ្យសង្រ្គាមផ្ទុះឡើង ក៏ដូចជាការទម្លាក់កំហុសលើអ្នកដទៃ»

គួរបញ្ជាក់ថា ក្រោយចោទប្រកាន់ថា អ៊ីរ៉ង់ជាអ្នកវាយប្រហារលើកប៉ាល់ដឹកប្រេងជប៉ុន និងកប៉ាល់ដឹកប្រេងន័រវេស ទីបញ្ជាការកណ្ដាលយោធាអាមេរិក បានបញ្ជូននាវាពិឃាតបំពាក់មីស៊ីលមួយគ្រឿងបន្ថែមទៀត ទៅកាន់តំបន់ឈូងសមុទ្រអូម៉ង់ ជាទីដែលកប៉ាល់ទាំងពីរគ្រឿងបានរងការវាយប្រហារ។ សហរដ្ឋអាមេរិកមិនបានបញ្ជាក់ភស្ដុតាង ដើម្បីការពារការអះអាងរបស់ខ្លួនឡើយ ខណៈអ៊ីរ៉ង់បានច្រានចោលការចោទប្រកាន់ រីឯរបាយការណ៍ខ្លះអះអាងថា កប៉ាល់ដឹកប្រេងជប៉ុន និងន័រវេសរងការបំផ្លិចបំផ្លាញដោយសារគ្រាប់មីន៕