(វ៉ាស៊ីនតោន)៖ សមាជិកសភាអាមេរិកមកពីគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ បានចូលរួមក្នុងការប្ដេជ្ញាចិត្តរួមគ្នាដ៏កម្រមួយ ដើម្បីការពារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យសម្រាប់ទីក្រុងហុងកុង ដែលកំពុងប្រឈមមុខនឹងភាពចម្រូងចម្រាស់ ពាក់ព័ន្ធនឹងការអនុម័តច្បាប់ធ្វើបត្យាប័នជនសង្ស័យទៅកាន់ចិនដីគោក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ២០១៩។

ទន្ទឹមគ្នានឹងការប្ដេជ្ញាចិត្តសមាជិកសភានៃគណបក្សទាំងពីរ ក៏បានព្រមានប្រទេសចិនផងដែរ ពីការចាត់វិធានការឆ្លើយតប បើសិនជាទីក្រុងប៉េកាំង នៅតែបន្តបង្កើនការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ទីក្រុងហុងកុង។ វិធានការ ដែលសមាជិកសភាអាមេរិកបានលើកឡើង ក្នុងនោះរួមមានទាំងការដកលក្ខន្តិកៈរបស់ទីក្រុងហុងកុង ក្នុងនាមជាដៃគូពាណិជ្ជកម្មពិសេសជាមួយសហរដ្ឋអាមេរិកជាដើម។ ប៉ុន្តែមកទល់នឹងពេលនេះ មិនទាន់មានការបញ្ជាក់លម្អិតពីកាលបរិចេ្ឆទ បោះឆ្នោតអនុម័តលើវិធានការណាមួយនោះទេ។

គួរជម្រាបថា ច្បាប់ស្ដីពីការធ្វើបត្យាប័នរបស់រដ្ឋាភិបាលទីក្រុងហុងកុង បង្កការខឹងសម្បារយ៉ាងខ្លាំងដល់ក្រុមអ្នកតវ៉ាប្រឆាំងនឹងច្បាប់នេះដោយពួកគេចាត់ទុកថា វានឹងបំផ្លាញដល់ប្រជាធិបតេយ្យ និងស្វ័យភាពរបស់ទីក្រុងហុងកុង។ យ៉ាងណាក៏ដោយទាំងរដ្ឋបាលទីក្រុងហុងកុង និងទីក្រុងប៉េកាំងសុទ្ធតែបានអះអាងថា ការអនុម័តច្បាប់នឹងមិនមានការដកថយនោះឡើយ ទោះបីមានបាតុកម្មផ្ទុះឡើងយ៉ាងណាក៏ដោយ៕