(ម៉ិចស៊ីកូ)៖ ប្រធានាធិបតីម៉ិចស៊ីកូ លោក Andrés Manuel López Obrador នៅថ្ងៃពុធនេះបានប្រកាសថា លោកនឹងដាក់លក់យន្ដហោះប្រធានាធិបតី រួមទំាងឧទ្ធម្ភាគចក្ររដ្ឋាភិបាលជាច្រើនគ្រឿង ដើម្បីប្រមូលមូលនិធិ សម្រាប់ផែនការអន្តោប្រវេសន៍ដែលបានព្រមព្រៀងជាមួយលោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០១៩។

ការសម្រេចចិត្តខាងលើរបស់លោក Obrador កើតមានឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងម៉ិចស៊ីកូ បានចេញ សេចក្ដីថ្លែងការណ៍រួមមួយកាលពីសប្ដាហ៍មុន ស្ដីពីការចូលរួមកាត់បន្ថយលំហូរជនអន្តោប្រវេសន៍ខុសច្បាប់ដែល ឆ្លងកាត់ពំ្រដែនរវាងប្រទេសទាំង២។ បន្ថែមពីលើនេះ បើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក កិច្ចព្រមព្រៀងរវាងលោក Obrador និងលោក ត្រាំ គឺនិយាយអំពីផែនការចាត់ទុក ម៉ិចស៊ីកូជាប្រទេសមានសុវត្ថិភាពទី៣។ ពោលគឺបើសិន ជាម៉ិចស៊ីកូ ត្រូវបានចាត់ទុកជាប្រទេសមានសុវត្ថិភាពទី៣ នោះការស្នើសុំសិទ្ធិជ្រកកោនរបស់ជនអន្តោប្រវេសន៍ នឹងត្រូវធ្វើឡើងនៅលើទឹកដីម៉ិចស៊ីកូ ជាជាងនៅសហរដ្ឋអាមេរិក។

គួរជម្រាបថា មុននឹងឈានដល់កិច្ចព្រមព្រៀងលើផែនការទប់ស្កាត់ជនអន្តោប្រវេសន៍ច្បាប់ លោក ដូណាល់ ត្រាំ ក៏បានប្រកាសដំឡើងពន្ធលើផលិតផលនាំចូលពីម៉ិចស៊ីកូផងដែរ។ ប៉ុន្តែ ការដំឡើងពន្ធនេះត្រូវបានផ្អាកទៅវិញ ក្រោយភាគីទាំង២ឈានដល់កិច្ចព្រមព្រៀងនឹងគ្នា៕