(តូក្យូ)៖ យោធាអាមេរិកនិងយោធាជប៉ុន កំពុងតែធ្វើសមយុទ្ធរួមគ្នា នៅក្នុងដែនសមុទ្រចិនខាងត្បូង ជាមួយវត្តមានរបស់នាវាដឹក​យន្តហោះចម្បាំងអាមេរិក USS Ronald Reagan ដែលដើរដោយថាមពលនុយក្លេអ៊ែរ និងនាវាដឹកឧទ្ធម្ភាគចក្រ JS Izumo របស់​​ជប៉ុន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានជប៉ុន Sankei Shimbun នៅរសៀលថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០១៩។

បើតាមសារព័ត៌មានខាងលើ សមយុទ្ធយោធានេះ ត្រូវបានចាប់ផ្តើមតាំងពីថ្ងៃចន្ទដើមសប្តាហ៍នេះ ។ ក្រៅពីនាវា USS Ronald Reagan និងនាវា JS Izumo នាវាពិឃាតជប៉ុន០២គ្រឿងទៀត គឺ JS Murasame និង JS Akebone ក៏បានចូលរួមក្នុងការហ្វឹក​ហាត់នេះផងដែរ ដែលផ្តោតសំខាន់ទៅលើការហាត់សមធ្វើដំណើររួមគ្នា។ ទង្វើនេះត្រូវគេមើលឃើញថា ជាការដំឡើងសាច់​ដុំ​របស់សម្ព័ន្ធមិត្តទាំងពីរ ដាក់ប្រទេសចិន ខណៈទីក្រុងប៉េកាំងតែងតែរិះគន់តវ៉ា និងថ្កោលទោស ចំពោះការចល័តនាវាយោធា​របស់អាមេរិក ទៅ​​កាន់សមុទ្រចិនខាងត្បូង ដោយថាវាគឺជាការរំលោភអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំង។

គួរជម្រាបថា កាលពីថ្ងៃអង្គារម្សិលមិញ យោធាចិនក៏បានចល័តក្បួននាវាដឹកយន្តហោះចម្បាំង Liaoning របស់ខ្លួន ឲ្យទៅឆ្លង​កាត់ដែនកោះចំនួនពីរ នៅខេត្ត Okinawa របស់ប្រទេសជប៉ុនផងដែរ៕