(ប៉េកាំង)៖ យោងតាមការបង្ហោះសារនៅលើបណ្តាញសង្គម Twitter របស់កាសែតចិន Global Times ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ប្រទេសចិនរួមមានដូចជា Xiaomi និង OPPO ជាដើម កំពុងធ្វើតេស្តសាកល្បងដំណើរការប្រព័ន្ធប្រតិបត្តិការ Hongmeng OS របស់ក្រុមហ៊ុន Huawei ប៉ុន្តែព័ត៌មាននេះត្រូវបានក្រុមហ៊ុន Huawei ផ្ទាល់ចេញមុខច្រានចោលថា មិនមែនជាការពិតឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយព័ត៌មាន Huawei Central នៅព្រឹកថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០១៩។

សារព័ត៌មាន Global Times បានអះអាងដូច្នេះថា ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិន រួមមាន Xiaomin និង OPPO កំពុងតែធ្វើតេស្តប្រព័ន្ធប្រតិបត្តិការ Hongmeng OS របស់ក្រុមហ៊ុន Huawei ហើយនៅពេល Global Times បានសួរថា តើនៅពេលណាប្រព័ន្ធប្រតិបត្តិការនេះ នឹងត្រូវដាក់ដំណើរការជាផ្លូវការបាននោះ Huawei បានឆ្លើយតបថា វាគឺជារឿងសម្ងាត់។ យ៉ាងណាមិញ ក្រុមហ៊ុន Huawei បានចេញមុខបញ្ជាក់ថា ព័ត៌មានរបស់ Global Times គឺមិនពិតឡើយដោយ Huawei បកស្រាយថា ព័ត៌មាននានាពាក់ព័ន្ធរឿងនេះបើពិតមែនគឺនឹងត្រូវ ចេញផ្សាយជាសាធារណៈតាមសេចក្តីប្រកាសរបស់ Huawei ផ្ទាល់។

គួរជម្រាបថា ក្នុងទីផ្សារសកលនៃស្មាតហ្វូនកាលពីឆ្នាំ២០១៨ ក្នុងចំណោម Brand កំពូលៗចំនួន ០៦ លើពិភពលោក គឺក្នុងនោះមានក្រុមហ៊ុនចិនដល់ទៅ ៣ ទៅហើយគឺ Huawei Xiaomi និង OPPO។ ដូច្នេះហើយបើយើងគិតមើលទៅ វាក៏សមហេតុសមផលដែរ បើប្រេនស្មាតហ្វូន ចិនដទៃទៀតនាំគ្នាជួយគាំទ្រដល់ប្រព័ន្ធប្រតិបត្តិការ Hongmeng OS របស់ Huawei ព្រោះថា ប្រការនេះនឹងអាចជួយឲ្យ OS នេះទទួលបានឱកាសកាន់តែច្រើន ក្នុងការទៅប្រកួតប្រជែងជាមួយ​ប្រព័ន្ធប្រតិបត្តិការ Android OS របស់ក្រុមហ៊ុនអាមេរិក Google ដែលកំពុងតែគ្របដណ្តប់ទីផ្សារពិភពលោក។

ម៉្យាងវិញទៀត ក្រុមហ៊ុន Huawei កំពុងតែប្រឈមមុខជាបញ្ហានៃការប្រើប្រាស់ Android OS ព្រោះតែបម្រាមពាណិជ្ជកម្មរបស់រដ្ឋាភិបាលអាមេរិក។ ទោះបីជាបែបនេះក្តី ក្រុមហ៊ុន Huawei បានបញ្ជាក់រួចមកហើយថា ខ្លួននៅតែស្វាគមន៍ប្រព័ន្ធប្រតិបត្តិការ Android និង Windows មកបំពាក់លើស្មាតហ្វូត ថេប្លេត និងកុំព្យូទ័ររបស់ខ្លួនជាអាទិភាព ដើម្បីបំពេញតាមការចង់បាន​របស់អតិថិជននៅទូទាំងពិភពលោក តែក្រុមហ៊ុនក៏បានត្រៀមប្រព័ន្ធប្រតិបត្តិការផ្ទាល់ខ្លួន តាំងពីយូរណាស់មកហើយដែរ។ បើតាមព័ត៌មាននានាចេញផ្សាយកាលពីពេលថ្មីៗនេះ OS របស់ Huawei នៅក្នុងប្រទេសចិន​​នឹងមានឈ្មោះថា Hongmeng OS រីឯសម្រាប់សកលវិញ​នឹងមានឈ្មោះថា Oak OS (ដំបូងមានការសង្ស័យថាវានឹងមានឈ្មោះ Ark OS)៕