(ប៉េកាំង)៖ មនុស្សយ៉ាងតិច១៦នាក់បានបាត់បង់ជីវិត និង១២នាក់ទៀតបានបាត់ខ្លួន បន្ទាប់ពីការធ្លាក់ភ្លៀង​យ៉ាងខ្លាំងក្លា បានបង្ក​ជាគ្រោះទឹកជំនន់ នៅឯតំបន់ភាគខាងត្បូងប្រទេសចិន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០១៩។

នៅតំបន់ស្វយ័ត Guangxi Zhuang ការបន្តធ្លាក់ភ្លៀងជាច្រើនថ្ងៃជាប់ៗគ្នា បានបង្កជាគ្រោះទឹកជំនន់ នៅតាមទីក្រុងចំនួន០៦ និងសង្កាត់ចំនួន៣២ ដោយបានផ្តាច់ជីវិតមនុស្ស០៩នាក់ និងបង្កឲ្យ១១នាក់បាត់ខ្លួន ព្រមទាំងជះផលប៉ះពាល់ដល់មនុស្សជាង​៣៦០,០០០នាក់ទៀត។ ទឹកជំនន់​ទាំងនោះ ក៏បានបង្កការបំផ្លិចបំផ្លាញចំពោះលំនៅឋានជាង១,៣០០ខ្នង និងបង្ខំឲ្យមនុស្ស​ជិត​១៧,០០០នាក់ជម្លៀសខ្លួនផងដែរ។​

គួរជម្រាបថា ចំណែកឯនៅខេត្ត Guangdong ដែលនៅក្បែរគ្នាវិញ មនុស្ស០៧នាក់បានស្លាប់ និងម្នាក់បាត់ខ្លួន ខណៈផ្លូវថ្នល់ និងលំនៅឋានជាច្រើននៅទីនោះ សុទ្ធតែបានទទួលរងការបំផ្លិចបំផ្លាញ ពីគ្រោះទឹកជំនន់ដែលកើតឡើងពីភ្លៀងធ្លាក់ខ្លាំង៕