(អង់ការ៉ា)៖ អតីតមន្រ្តីជាន់ខ្ពស់នៃទ័ពជើងអាកាសតួកគី ដែលបានចូលនិវត្តន៍ គឺលោក អឺដូហ្គាន់ កាការូស (Erdogan Kakarus) បានចេញមុខបកស្រាយអំពីហេតុផលថា តើហេតុអ្វីបានជាទីក្រុងអង់ការ៉ា នៅតែមានការប្តេជ្ញាមុតមាំដើម្បីទិញប្រព័ន្ធមីស៊ីលការពារអាកាស S-400 ពីរុស្ស៊ី បើទោះបីជាទីក្រុងវ៉ាស៊ីនតោនបានខិតខំបញ្ចុះបញ្ចូល ដើម្បីលក់ប្រព័ន្ធមីស៊ីល Patriot ឲ្យប្រទេសនេះយ៉ាងណាក្តី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០១៩។

លោក Kakarus បាននិយាយដូច្នេះថា «តួកគីចាត់ទុកសំណើលក់ប្រព័ន្ធមីស៊ីល Patriot ថាពុំអាចបំពេញតម្រូវការ នៃវិស័យការពារជាតិរបស់ខ្លួនបានឡើយ។ ម៉្យាងវិញទៀត វាក៏មានបញ្ហាក្នុងលក្ខខណ្ឌនៃការទិញប្រព័ន្ធមីស៊ីល Patriot ផងដែរ ដោយនៅពេល ពួកយើងបានស្នើឲ្យភាគីអាមេរិក លក់ប្រព័ន្ធការពារដែនអាកាសនេះឲ្យមកយើង ក្រោមលក្ខខណ្ឌថា គ្រឿងបន្លាស់មួយចំនួនត្រូវតែផលិតឡើង នៅក្នុងទឹកដីតួកគីនោះ ទីក្រុងវ៉ាស៊ីនតោនបែរជាប្រកែក។ ដោយសារហេតុផលទាំងនេះហើយ យើងក៏បានងាកទៅ ទិញប្រព័ន្ធមីស៊ីលរបស់រុស្ស៊ី S-400»

គួរជម្រាបថា ដោយសារតែរឿងទិញប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ីនេះហើយ សហរដ្ឋអាមេរិកកំពុងគំរាមទាត់តួកគីចេញពីកម្មវិធី អភិវឌ្ឍន៍យន្តហោះចម្បាំង F-35 ដោយអាមេរិកបានទុកពេលរហូតដល់ចុងខែកក្កដាខាងមុខ ដើម្បីឲ្យតួកគីធ្វើការសម្រេចចិត្ត ចុងក្រោយ ខណៈប្រព័ន្ធមីស៊ីល S-400 ក៏ត្រូវបានរំពឹងថា នឹងប្រគល់ដល់ទឹកដីតួកគី នៅក្នុងខែកក្កដាដែរ៕