(បាងកក)៖ ព្រះមហាក្សត្រថៃ ព្រះបាទ មហា វិជ្ជរ៉ាឡុងកន (Maha Vajiralongkorn) បានចេញព្រះរាជក្រឹត្យទទួលស្គាល់លោក ប្រាយុទ្ធ ចាន់អូចា ជានាយករដ្ឋមន្ត្រីថៃទី ២៩ ជាផ្លូវការហើយនៅរសៀលថ្ងៃអង្គារនេះ ហើយវាក៏ជាអាណត្តិទីពីររបស់លោកផងដែរ បើទោះជាសមាសភាពរដ្ឋាភិបាលចម្រុះ នៅមានភាពស្រពិចស្រពិលក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០១៩។

នៅកំឡុងពិធីទទួលស្គាល់នៅរសៀលថ្ងៃអង្គារនេះ ដោយគ្មានព្រះរាជវត្តមានព្រះបាទ Maha Vajiralongkorn លោក ប្រាយុទ្ធ បានបង្ហាញគំនិតសុទិដ្ឋិនិយមជាមួយការស្បថស្បែរថា លោកនឹងថែរក្សាការពារសន្តិភាព និងការឯកភាពជាតិរបស់ប្រទេសថៃទាំងមូល។ លោក បា្រយុទ្ធ បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំនឹងលើកកម្ពស់បរិយាកាសសន្តិភាព និងឯកភាពនៅក្នុងសង្គម ដោយឈរលើក្ដីស្រឡាញ់ ការឯកភាពជាតិ និងការអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក... ហើយមិនតែប៉ុណ្ណោះ ខ្ញុំក៏សូមសន្យាផងដែរថា នឹងការពារសេចក្ដីថ្លៃថ្នូររបស់ស្ថាប័នរដ្ឋ សាសនា និងរបបរាជានិយម ដែលជាទីស្រឡាញ់របស់ប្រជាជនថៃ»

គួរបញ្ជាក់ថា លោក ប្រាយុទ្ធ ចាន់អូចា បានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីថៃកាលពីសប្ដាហ៍មុន ដោយទទួលបានសំឡេងគាំទ្រពីសមាជិកសភាចំនួន ៥០០សំឡេង ក្នុងចំណោមសមាជិកសភាសរុប ៧៥០នាក់។ ការជាប់ជានាយករដ្ឋមន្ត្រីអាណត្តិថ្មីនេះ គឺមានន័យថា លោកលែងមានឈ្មោះជានាយករដ្ឋមន្ត្រី នៃរដ្ឋាភិបាលយោធាទៀតហើយ៕