(វ៉ាស៊ីនតោន)៖ ក្រសួងការពារជាតិអាមេរិក និងក្រុមហ៊ុនផលិតអាវុធ Lockheed Martin បានឈានដល់កិច្ចព្រមព្រៀងគ្នាហើយក្នុងការបញ្ចុះតម្លៃ ៨.៨ភាគរយ ចំពោះយន្ដហោះចម្បាំងបំបាំងកាយ F-35A ដើម្បីឲ្យតម្លៃរបស់វាធ្លាក់មកនៅជាង ៨០លានដុល្លារ ខណៈតម្លៃដើមគឺជិត ៩០លានដុល្លារឯណោះក្នុងមួយគ្រឿង តបទៅតាមការត្អូញត្អែរពីអតិថិជន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០១៩។

បើតាមក្រសួងការពារជាតិអាមេរិក កិច្ចព្រមព្រៀងខាងលើគឺសំដៅទៅលើការបញ្ជាទិញយន្ដហោះ F-35A ចុងក្រោយបំផុតចំនួន ៤៧៨គ្រឿង ដែលមានតម្លៃសរុប ៣៤ពាន់លានដុល្លារ ពីបណ្តាសម្ព័ន្ធមិត្តរបស់ខ្លួន។ ពោលគឺផ្អែកលើកិច្ចព្រមព្រៀងនេះ យន្ដហោះចម្បាំង F-35A ទាំងនេះនឹងត្រូវបញ្ចុះតម្លៃមកនៅត្រឹម ៨១.៣៥លានដុល្លារ ខណៈតម្លៃដើមគឺ ៨៩.២លានដុលា្លរក្នុងមួយគ្រឿង។

គួរជម្រាបថា តម្លៃយន្ដហោះចម្បាំង F-35A អាចនឹងចុះមកនៅត្រឹមក្រោម ៨០លានដុល្លារ នៅឆ្នាំបន្ទាប់ៗជាមួយការរំពឹងថា ក្រុមហ៊ុនអាមេរិក​អាចនឹងបង្កើនការផលិតបាន យន្ដហោះចម្បាំងដ៏ទំនើបប្រភេទនេះរហូតដល់ទៅ ១៦០គ្រឿងក្នុងមួយឆ្នាំ។ បើតាមរបាយការណ៍កាលពីឆ្នាំ២០១៨ ពីពាក់កណ្តាលឆ្នាំ២០១៧ ដល់ពាក់កណ្តាលឆ្នាំ២០១៨ សហរដ្ឋអាមេរិកបានលក់សព្វាវុធគ្រប់ប្រភេទរកចំណូលបាន ៥៥.៦ពាន់លានដុល្លារ​ ដែលចំនួននេះកើនឡើង ៣៣% បើធៀបនឹងកំឡុងពេលដូចគ្នានាឆ្នាំមុន៕