(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីដំឡើងពន្ធបន្ថែមលើផលិតផលនាំចូលពីចិន បើសិនជាកិច្ចចរចាពាណិជ្ជកម្មរវាងប្រទេសទាំងពីរ គ្មានភាពរីកចម្រើនទៅមុខក្រោយកិច្ចប្រជុំ G20 នៅក្នុងប្រទេសជប៉ុន នៅចុងខែមិថុនានេះ។ នេះបើតាមការចេញផ្សាយ ដោយសារទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០១៩។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅឯសេតវិមាន នៅថ្ងៃចន្ទសប្ដាហ៍នេះ លោក ដូណាល់ ត្រាំ ក៏បានបញ្ជាក់ឡើងវិញដែរ អំពីឱកាសជួបពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង នាឱកាសចូលរួមកិច្ចប្រជុំ G20 ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមិថុនានេះ ក្នុងទីក្រុងអូសាកា ប្រទេសជប៉ុន។ ប៉ុន្តែខាងទីក្រុងប៉េកាំងមិនទាន់ទទួល ស្គាល់ពីជំនួបនេះនៅឡើយទេ។ លោក ត្រាំ បានបន្ថែមដូច្នេះថា «យើងមានគម្រោងដើម្បីជួប និងពិភាក្សាគ្នា... ហើយខ្ញុំគិតថារឿងដែលគួរឱ្យចាប់អារម្មណ៍នឹងកើតឡើង»

គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុនលោក ដូណាល់ ត្រាំ ក៏បានព្រមានដំឡើងពន្ធមានតម្លៃជាង ៣០០ពាន់លានដុល្លារលើផលិតផលនាំចូលពីចិនផងដែរ ខណៈសង្រ្គាមពាណិជ្ជកម្មរវាងយក្សសេដ្ឋកិច្ចទាំង ២ ហាក់ដូចជាមិន ធូរស្រាល់ទាល់តែសោះរហូតមកទល់ពេលនេះ ប៉ុន្តែសហរដ្ឋអាមេរិកហាក់បង្ហាញចេតនា បង្ខំចិនឲ្យចូលមកកាន់តុចរចាឲ្យខាងតែបាន។ ដោយឡែកមន្ត្រីជាន់ខ្ពស់អាមេរិកមួយរូប បានថ្លែងកាលពីចុងសប្តាហ៍មុននេះថា បញ្ហាក្រុមហ៊ុន Huawei និងរូបិយប័ណ្ណរបស់ចិន នឹងក្លាយជាប្រធានបទសំខាន់ ដែលមេដឹកនាំប្រទេសទាំងពីរនឹងលើកយកមកពិភាក្សាគ្នា នៅក្នុងកិច្ចប្រជុំដាច់ដោយឡែកពី G20៕