(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានបង្ហាញក្ដីព្រួយបារម្ភរបស់ខ្លួនយ៉ាងខ្លាំង ចំពោះការធ្វើសោធនកម្មច្បាប់ស្ដីពីការធ្វើបត្យាប័ន ដែលនឹងអនុញ្ញាតឱ្យមានការបញ្ជូនជនសង្ស័យ ពីទីក្រុងហុងកុងទៅកាន់ចិនដីគោក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០១៩។

ការបង្ហាញក្ដីព្រួយបារម្ភរបស់ទីក្រុងវ៉ាស៊ីនតោន ធ្វើឡើងដោយក្រសួងការបរទេសអាមេរិក ក្រោយទីក្រុងប៉េកាំង ចេញមុខគាំទ្រយ៉ាងពេញទំហឹងដល់រដ្ឋាភិបាលទីក្រុងហុងកុង ក្នុងការអនុម័តច្បាប់ធ្វើបត្យាប័ន បើទោះជាមានការជំទាស់ពីក្រុមបាតុកររាប់ពាន់នាក់ក៏ដោយ។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី ម័រហ្គេន អ័រតាហ្គឹស (Morgan Ortagus) បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃចន្ទសប្ដាហ៍នេះថា ច្បាប់ធ្វើបត្យាប័នជនសង្ស័យទៅកាន់ចិនដីគោក នឹងបះពាលដល់នយោបាយប្រទេសមួយ ប្រព័ន្ធ២ ហើយការតវ៉ាដោយសន្តិវិធីកាលពីថ្ងៃអាទិត្យ បានបង្ហាញយ៉ាងច្បាស់ថា ប្រជាជនហុងកុងជំទាស់នឹងច្បាប់ធ្វើបត្យាប័ននេះ។

គួរជម្រាបថា បើតាមក្រសួងការបរទេសអាមេរិក កាលពីឆ្នាំ២០១៨ មានប្រជាជនអាមេរិក ៨៥,០០០នាក់រស់នៅក្នុងទីក្រុងហុងកុង ហើយក្រុមហ៊ុនអាមេរិកច្រើនជាង ១,៣០០ កំពុងប្រតិបត្តិការពាណិជ្ជកម្មរបស់ខ្លួន នៅក្នុងតំបន់ស្វយ័តចិនមួយនេះ។ ដោយឡែកបើងាយ ទៅមើលការតវ៉ាដ៏ធំមួយដែរនៅទីក្រុងហុងកុងកាលពីឆ្នាំ២០១៤ សហរដ្ឋអាមេរិក ក៏បានចូលរួម យ៉ាងសកម្មផងដែរ នៅក្នុងការបង្ហាញក្តីព្រួយបារម្ភដូចគ្នានេះ៕