(តូក្យូ)៖ រដ្ឋមន្រ្តីការពារជាតិជប៉ុន លោក Iwaya Takeshi បានប្រកាសថា ករណីធ្លាក់យន្តហោះចម្បាំងដ៏ទំនើបធុន F-35A របស់កងស្វ័យការពារអាកាសជប៉ុន ដែលបានកើតឡើងកាលពីថ្ងៃទី០៩ ខែមេសា ទំនងជាបណ្តាលមកពីកត្តាពីឡុតផ្ទាល់

ជាជាងមកពីបញ្ហាបច្ចេកទេសរបស់យន្តហោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០១៩។

លោក Iwaya បាននិយាយដូច្នេះថា «ពួកយើងជឿជាក់ថា អាកាសយានិករបស់យន្តហោះចម្បាំង F-35A ដែលធ្លាក់ ទំនងជាបានវង្វេងស្មារតីមួយភាំង ដោយមិនអាចស្ទង់ដឹងពីរយៈកម្ពស់ ល្បឿន និងទីតាំងដែលយន្តហោះស្ថិតនៅបាន ទើបនាំឲ្យមានឧបទ្ទវហេតុនេះ»។ លោក Iwaya បានបញ្ជាក់ថា ចាប់ពីពេលនេះតទៅ ក្រសួងការពារជាតិជប៉ុន នឹងបង្កើនការហ្វឹកហាត់ថែមទៀត ដល់ក្រុមអាកាសយានិក។

គួរជម្រាបថា យន្តហោះចម្បាំង F-35A ខាងលើ ដែលមានអាកាសយានិកវ័យ៤១ឆ្នាំ គឺលោក Hosimi Akinori ជាអ្នកបញ្ជា បានបាត់ចេញពីប្រព័ន្ធរ៉ាដា ហើយធ្លាក់ចូលសមុទ្រកាលពីថ្ងៃទី០៩ ខែមេសា នៅចម្ងាយ១៣៥គីឡូម៉ែត្រ ភាគខាងកើតមូលដ្ឋានទ័ព Misawa ក្នុងខេត្ត Aomori ភាគខាងជើងប្រទេសជប៉ុន។ ក្រោយកើតមានករណីនេះ យន្តហោះចម្បាំង F-35A ចំនួន១២គ្រឿងទៀត ត្រូវបានជប៉ុនបញ្ឈរជើងចោលជាបណ្តោះអាសន្ន ខណៈទីក្រុងតូក្យូ មានគម្រោងទិញយន្តហោះនេះជាច្រើនគ្រឿងទៀតពីអាមេរិក។

កន្លងទៅថ្មីៗនេះ ក្រសួងការពារជាតិជប៉ុន ក៏ទើបតែបានប្រកាសបិទបញ្ចប់ ប្រតិបត្តិការរុករកយន្តហោះ F-35A ដោយមានតែបំណែកម៉ាស៊ីន និងស្លាបប៉ុណ្ណោះ ត្រូវបានរកឃើញ ខណៈតួយន្តហោះ ព្រមទាំងអាកាសយានិក មិនត្រូវបានរកឃើញឡើយ៕