(ប៉េកាំង)៖ ទោះបីជារដ្ឋមន្ត្រីរតនាគារជាតិអាមេរិក បានប្រកាសកាលពីចុងសប្តាហ៍មុននេះថា លោក ដូណាល់ ត្រាំ និងលោក ស៊ី ជិនពីង នឹងត្រូវជួបគ្នាក្នុងកំឡុងមេដឹកនាំទាំងពីរ ចូលរួមកិច្ចប្រជុំកំពូលនៃមហាអំណាចសេដ្ឋកិច្ច G20 ដែលនឹងប្រារព្ធឡើងនៅចុងខែមិថុនានេះ នៅទីក្រុងអូសាកា នៃប្រទេសជប៉ុនក៏ដោយ ក៏ទីក្រុងប៉េកាំងហាក់មិនទាន់អាចប្រកាសអំពីរឿងនេះ​ជាផ្លូវការនៅឡើយដែរ ប៉ុន្តែចិនបានបញ្ជាក់ជាថ្មីថា ទ្វារនៅតែបើកចំហជានិច្ចសម្រាប់កិច្ចចរចា ប៉ុន្តែត្រូវឈរលើគោលការណ៍គោរព ផលប្រយោជន៍គ្នាទៅវិញទៅមក។ នេះបើតាមការ​ចេញផ្សាយដោយ Channel News Asia នាល្ងាចថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០១៩។

ការបង្ហើបខាងលើនេះ ធ្វើឡើងដោយក្រសួងការបរទេសចិននៅថ្ងៃចន្ទដើមសប្តាហ៍ថ្មីនេះ ដើម្បីឆ្លើយតបទៅនឹងសំនួរពីក្រុមអ្នកសារព័ត៌មាន ពាក់ព័ន្ធទៅនឹងលទ្ធភាពនៃការជួបពិភាក្សា​ទ្វេភាគីជាថ្មីរបស់ប្រធានាធិបតីចិនលោក ស៊ី ជិនពីង និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដើម្បីដោះស្រាយសង្គ្រាមដំឡើងពន្ធ ចំពោះមុខក្តីកង្វល់កាន់តែធំឡើងពីសហគមន៍អន្តរជាតិ ជាពិសេសក្រុមហ៊ុននានា​នៅក្នុងប្រទេសយក្សសេដ្ឋកិច្ចទាំងពីរ។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក ជែង ហ្សាង (Geng Shuang) បានថ្លែងបញ្ជាក់​យ៉ាងដូច្នេះថា «ប្រសិនបើមានព័ត៌មានជាក់លាក់អំពីរឿងនេះ (ជំនួបរវាងលោក ស៊ី និងលោក ត្រាំ) ទីក្រុងប៉េកាំងនឹងចេញផ្សាយអំពីព័ត៌មាននេះ ទៅតាមពេលវេលាដ៏សមគួរបំផុត។ ប្រទេសចិន​មិនចង់ប្រយុទ្ធក្នុងសង្គ្រាមពាណិជ្ជកម្មឡើយ ប៉ុន្តែយើងក៏មិនខ្លាចនឹងប្រយុទ្ធដែរ។ ប្រសិនបើភាគីអាមេរិកចង់ចរចា នោះទ្វារកំពុងបើកចំហរស្រាប់។ ប៉ុន្តែប្រសិនបើ​អាមេរិកចង់​បន្តសង្គ្រាមនេះ យើងក៏នឹងធ្វើការឆ្លើយតបយ៉ាងម៉ឹងម៉ាត់ និងប្រយុទ្ធឲ្យដល់ទីបំផុតដែរ»។

គួរបញ្ជាក់ថា រដ្ឋមន្ត្រីរតនាគារជាតិអាមេរិកលោក លោក ស្ទេវិន ម៉ានូជីន (Steven Mnuchin) បានបង្ហើបកាលពីថ្ងៃទី០៨ ខែមិថុនាថា ជុំវិញជំនួបជាថ្មីទៀតរវាងប្រមុខដឹកនាំកំពូល នៃប្រទេសយក្សលើលោកទាំងពីរ នឹងកើតឡើងនៅក្នុងកិច្ចប្រជុំកំពូល G20 នៅទីក្រុងអូសាកា នៃប្រទេសជប៉ុន ចាប់ពីថ្ងៃទី២៨ ដល់ទី២៩ ខែមិថុនា ប៉ុន្តែមិនទាន់មានការបញ្ជាក់បន្ថែម អំពីរបៀបវារៈនៃកិច្ចប្រជុំរវាង​លោក ដូណាល់ ត្រាំ និងលោក ស៊ី ជិនពីង ត្រូវបានទម្លាយនោះឡើយ។

មន្ត្រីជាន់ខ្ពស់អាមេរិកខាងលើនេះបានបន្ថែមទៀតថា «លោក ដូណាល់ ត្រាំ នឹងសម្រេចចិត្តថា តើនឹងត្រូវសម្រេចឲ្យដំឡើងពន្ធធ្ងន់ធ្ងរជាងមុន (៣០០ពាន់លានដុល្លារ ដែលលោកបានលើកឡើងនៅអង់គ្លេស) ដែរ ឬក៏អត់ បន្ទាប់ពីលោកជួបជាមួយមេដឹកនាំចិន លោក ស៊ី ជិនពីង នៅចុងខែមិថុនានេះរួចរាល់...។ បើចិនចង់សម្រេចបាននូវកិច្ចព្រមព្រៀងទៅមុខ អាមេរិកក៏នឹងរៀបចំជាស្រេចដែរ ទៅតាមអ្វីដែលខ្លួនបានសម្រេចកន្លងមក ប៉ុន្តែបើប្រទេសចិនចង់ឈប់ពេលនេះ លោក ដូណាល់ ត្រាំ ក៏នឹងបោះជំហានលើការដំឡើងពន្ធ (ដូចការគំរាមខាងលើ) ដើម្បីធ្វើឲ្យទំនាក់ទំនង (ពាណិជ្ជកម្ម) រវាងប្រទេសទាំងពីរមានតុល្យភាព...»។

គួរបញ្ជាក់ថា បើតាមអ្នកវិភាគមួយចំនួន សហរដ្ឋអាមេរិកហាក់ដូចជាចង់ឲ្យចិន ចូលមកអង្គុយតុចរចាគ្នាវិញខ្លាំងជាងចិនទៅទៀត ចំពោះមុខការព្រមានអំពីការខាតបង់​ទាំងសងខាងពីសំណាក់ក្រុមអ្នកជំនាញសេដ្ឋកិច្ចអន្តរជាតិ និងជាពិសេសគឺមន្ត្រីជើងចាស់អាមេរិក​​ជាច្រើនរូបកន្លងមកនេះ ហើយសង្គ្រាមនេះត្រូវបានថ្នាក់ដឹកនាំពិភពលោក មួយចំនួនមើលឃើញថា ជាការបង្ហាញភាពចង់ចាញ់-ឈ្នះគ្នា ជាជាងការចង់កសាងប្រយោជន៍ពិតប្រាកដ ទៅដល់ពិភពលោកទាំងមូល។

ដោយឡែកឆ្លើយតបទៅនឹងបញ្ហាសំខាន់ ដែលគ្រប់គ្នាកំពុងចាប់អារម្មណ៍បំផុតនោះ មន្ត្រីកំពូលអាមេរិក Steven Mnuchin ក៏បានបញ្ជាក់ផងដែរ បញ្ហានានាពាក់ព័ន្ធនឹងក្រុមហ៊ុន Huawei និងរូបិយប័ណ្ណចិនជាដើម នឹងក្លាយជាប្រធានបទសំខាន់ដែលត្រូវលើដាក់​លើតុចរចាគ្នា ដើម្បីបង្កើតតុល្យភាពពាណិជ្ជកម្មរវាងអាមេរិក និងចិន។ ពិភពលោកហាក់​បានស្វែងយល់រួចទៅហើយថា អាមេរិកបានប្រើក្រុមហ៊ុន Huawei ជាចំណាប់ខ្មាំង ដើម្បីបង្ខំចិនឲ្យបន្ទន់ឥរិយាបទ ហើយកិច្ចព្រមព្រៀងពាណិជ្ជកម្មនឹងឆាប់សម្រេចចេញ៕