(វ៉ាស៊ីនតោន)៖ នាយកស្ដីទីទទួលបន្ទុកគ្រប់គ្រងកញ្ចប់ថវិកាសេតវិមាន លោក រូស្សែល វូក (Russell Vought) កំពុងស្វះស្វែងជំរុញឱ្យមានការពន្យារពេលអនុវត្តន៍ ការដាក់ទណ្ឌកម្ម ទៅលើក្រុមហ៊ុនចិន Huawei ខណៈទីក្រុងប៉េកាំងទើបតែចេញសារព្រមានក្រុមហ៊ុនបរទេស ដែលកំពុងរកស៊ីនៅក្នុងទឹកដីចិនទាំងអស់ថា អាចនឹងជួបផលវិបាកធ្ងន់ធ្ងរ បើសិនជាហ៊ានចូលដៃចូលជើងជាមួយសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០១៩។

ព័ត៌មានខាងលើត្រូវបានរាយការណ៍ដំបូងគេកាលពីថ្ងៃអាទិត្យ ដោយសារព័ត៌មាន Wall Street Journal ដែលបានបញ្ជាក់ទៀតថា លោក Vought បានលើកឡើងនូវសំណើមួយ ដើម្បីឲ្យមានការផ្អាកការអនុវត្តទណ្ឌកម្មប្រឆាំងនឹង Huawei នៅក្នុងលិខិតមួយផ្ញើជូនអនុប្រធានាធិបតីអាមេរិក លោក ម៉ៃក៍ ផេន (Mike Pence) និងសមាជិកសភាអាមេរិកជាច្រើននាក់។

បន្ថែមពីលើនេះ នៅក្នុងលិខិតដដែល លោក Vought ក៏បានសង្កត់ធ្ងន់យ៉ាងដូច្នេះដែរថា «ខណៈរដ្ឋបាលអាមេរិកទទួលស្គាល់ពីសារៈសំខាន់ ក្នុងការដាក់បម្រាមមួយចំនួនលើក្រុមហ៊ុន Huawei ដោយសំអាងលើបញ្ហាសន្តិសុខជាតិក៏ដោយ ប៉ុន្តែទីភ្នាក់ងារអាមេរិកនានា នៅតែមានការព្រួយបារម្ភដដែលពីផលប៉ះពាល់ ដ៏ខ្លាំងក្លាលើម្ចាស់ភាគហ៊ុនទាំងអស់ ដែលជាប់ពាក់ព័ន្ធ»។ ការលើកឡើងរបស់មន្ត្រីជាន់អាមេរិកបែបនេះ គឺចង់សំដៅទៅលើការកាត់ បន្ថយយ៉ាងគំហុកនូវចំនួនក្រុមហ៊ុន ដែលអាចធ្វើការផ្គត់ផ្គង់សេវានានាដល់រដ្ឋាភិបាលអាមេរិក ដោយសារតែការជាប់ទណ្ឌកម្ម។

គួរជម្រាបថា ក្រសួងពាណិជ្ជកម្មអាមេរិកកាលពីខែឧសភា បានដាក់បញ្ចូល Huawei និងសាខាជាង ៧០ របស់ក្រុមហ៊ុនចិនមួយនេះក្នុងបញ្ជីខ្មៅ ដោយសារព្រួយបារម្ភពីបញ្ហាសន្តិសុខជាតិ ជាពិសេសពាក់ព័ន្ធនឹង ការស៊ើបការណ៍សំងាត់ឱ្យរដ្ឋាភិបាលចិន។

ម្យ៉ាងទៀតផ្អែកលើបញ្ជីខ្មៅនេះ ក្រុមហ៊ុនអាមេរិកទាំងអស់ត្រូវ តែសុំការអនុញ្ញាតពីរដ្ឋាភិបាលអាមេរិកជាមុនសិន ទើបអាចធ្វើពាណិជ្ជកម្មជាមួយ Huawei។ ប៉ុន្តែទន្ទឹមគ្នាក្រុមហ៊ុនយក្សចិនមួយនេះ បានទាត់ចោល ហើយបញ្ជាក់ជាច្រើនដងថា ការចោទប្រកាន់របស់សហរដ្ឋអាមរិក គឺជារឿងមិនពិតគ្មានមូលដ្ឋាន និងគ្មានប្រទេសណាមួយបានរកឃើញភាពមិនប្រក្រតី ទៅលើផលិតផល និងបច្ចេកវិទ្យារបស់ Huawei នោះឡើយ ក្រៅតែពីអាមេរិកតែម្នាក់ឯង៕