(វ៉ាស៊ីនតោន)៖ អគ្គរដ្ឋទូតអាមេរិក លោក David Friedman បាននិយាយថាអ៊ីស្រាអែលមានសិទ្ធិស្របច្បាប់ ក្នុងការធ្វើអាណានិគមលើដែនដីប៉ាឡេស្ទីមួយចំនួនក្នុងតំបន់ West Bank ហើយការលើកឡើងបែបនេះត្រូវ បានគេរំពឹងថានឹងធ្វើឱ្យប៉ះពាល់ដល់ផែនការសន្តិភាពរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃអាទិត្យ ទី០៩ ខែមិថុនា ឆ្នាំ២០១៩។

លោក David Friedman ដែលជាអគ្គរដ្ឋទូតអាមេរិកប្រចាំអ៊ីស្រាអែល ធ្វើការកត់សម្គាល់បែបនេះនៅក្នុង បទសម្ភាសន៍ជាមួយសារព័ត៌មាន New York Times កាលពីថ្ងៃសៅរ៍។ ថ្លែងនាឱកាសនោះ លោក Friedman បានគូសបញ្ជាក់ដូច្នេះថា៖ «ក្រោមកាលៈទេសៈមួយចំនួន ខ្ញុំគិតថាអ៊ីស្រាអែលមានសិទ្ធិស្របច្បាប់ ក្នុងការបង្កើតឧបសម្ព័ន្ធលើដែនដីខ្លះក្នុងតំបន់ West Bank ...ប៉ុន្តែមិនមែនទឹកដីទាំងអស់នៃតំបន់ទាំងនេះ នោះទេ»

គួរជម្រាបថា សហគមន៍អន្តរជាតិ បានថ្កោលទោសអ៊ីស្រាអែលជាច្រើនលើកចំពោះការធ្វើអាណានិគមតាម រយៈការសាងសង់ផ្ទះឱ្យប្រជាជនរបស់ខ្លួនរស់នៅលើដែនដីប៉ាឡេស្ទីន។ ប៉ុន្តែមិនដែលមានចំណាត់ការរឹងមំា ប្រឆាំងនឹងទីក្រុងតែល អាវីវនោះទេ ដោយសារតែសហរដ្ឋអាមេរិកតែងតែប្រើសិទ្ធិវ៉េតូការពារអ៊ីស្រាអែល នៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជានិច្ច៕