(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានសម្រេចចិត្តទុកពេលឱ្យតួកគី រហូតដល់ចុងខែកក្កដាខាងមុខនេះ ដើម្បី ជ្រើសរើសរវាងយន្ដហោះចម្បាំងបំបាំងកាយអាមេរិក F-35 និងប្រព័ន្ធមីស៊ីលការពារដែនអាកាសរុស្ស៊ី S-400។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី០៩ ខែមិថុនា ឆ្នាំ២០១៩។

ការសម្រេចចិត្តខាងលើរបស់ទីក្រុងវ៉ាស៊ីនតោន ធ្វើឡើងដោយរដ្ឋមន្ត្រីការពារជាតិអាមេរិកស្ដីទី លោក Patrick Shanahan នៅក្នុងលិខិតមួយផ្ញើជូនសមភាគីតួកគី លោក Hulusi Akar។ នៅក្នុងលិខិតនេះ ដដែល លោក Shanahan ក៏បានបញ្ជាក់ឡើងវិញផងដែរថា តួកគីអាចរើសបានតែមួយគត់ នោះគឺចង់ទិញ យន្ដហោះចម្បាំង F-35 ពីសហរដ្ឋអាមេរិក ឬក៏ចង់បាន S-400 ពីរុស្ស៊ី។ ពោលគឺនិយាយឱ្យខ្លីបើមាន F-35 គឺគ្មាន S-400 នៅលើទឹកដីតួកគី។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងតួកគី ដែលសុទ្ធសឹងតែជាសមាជិកអង្គការណាតូ មានភាពតានតឹងនឹងគ្នា រយៈពេលជាច្រើនខែមកហើយដោយសារតែ S-400។ ទីក្រុងវ៉ាស៊ីនតោន បានអះអាងថាប្រព័ន្ធមីស៊ីល S-400 គឺមិនសាកសម និងគំរាមកំហែងដល់ប្រព័ន្ធការពារជាតិរបស់អង្គការណាតូ ដោយជំរុញឱ្យតួកគីទិញ ប្រព័ន្ធមីស៊ីលអាមេរិក Patriot ជំនួសវិញ។

ប៉ុន្តែទីក្រុងអង់ការ៉ា ក៏បានបញ្ជាក់ពីគោលជំហររបស់ខ្លួនជាច្រើនដងដែរថា នឹងមិនបោះបង់ចោលគម្រោង ទិញ S-400 ពីរុស្ស៊ីនោះទេ បើទោះជាត្រូវជាប់ទណ្ឌកម្មអាមេរិកក៏ដោយ ដ្បិតវាគឺសិទ្ធិស្វ័យភាពរបស់តួកគី ក្នុងការធ្វើពាណិជ្ជកម្មជាមួយប្រទេសដទៃ។

*តើ S-400 គឺជាអ្វី?

S-400 គឺជាប្រព័ន្ធមីស៊ីលការពារដែនអាកាសដ៏ទំនើបមួយរបស់រុស្ស៊ី។ វាអាចបាញ់បានក្នុងចំងាយ៤០០ គីឡូម៉ែត្រ ជាមួយសមត្ថភាពបាញ់កម្ទេចគោលដៅសត្រូវចំនួន៨០ ក្នុងពេលតែមួយ។ S-400 បែងជាចែក ជា៤ក្នុងនោះរួមមាន៖

១. យានឃ្លាំមើលរយៈចំងាយឆ្ងាយបំពាក់ដោយប្រព័ន្ធរ៉ាដា មានតួនាទីចាប់សញ្ញាវត្ថុណាមួយ ហើយបញ្ជូន ព័ត៌មានទៅកាន់យានទីបញ្ជាការ ដើម្បីវាយតម្លៃ។
២. យានទីបញ្ជាការ មានតួនាទីវាយតម្លៃ និងបញ្ជាការបាញ់មីស៊ីល
៣. យានរ៉ាដាកំណត់គោលដៅសត្រូវ
៤. យានបាញ់មីស៊ីល៕