(ការ៉ាកាស់)៖ រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា លោក Jorge Arreaza បានឱ្យដឹងនៅថ្ងៃអាទិត្យនេះ ថារដ្ឋាភិបាលទីក្រុងការ៉ាកាស់ នឹងបញ្ឈប់ការផ្ដល់សេវាកម្មនានានៅក្នុងស្ថានកុងស៊ុលរបស់ខ្លួនប្រចាំប្រទេស កាណាដា ជាការឆ្លើយតបទៅនឹងទីក្រុងអូតតាវ៉ា ដែលបានប្រកាសបិទស្ថានទូតប្រចាំទីក្រុងការ៉ាកាស់។ នេះ បើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី០៩ ខែមិថុនា ឆ្នាំ២០១៩។

ថ្លែងនៅក្នុងសារមួយបង្ហោះលើ Twitter លោក Arreaza បានគូសបញ្ជាក់ដូច្នេះថា៖ «វេណេស៊ុយអេឡា នឹងបញ្ឈប់ការផ្ដល់សេវាកម្មនានានៅក្នុងស្ថានកុងស៊ុលប្រចាំទីក្រុង Vancouver, Toronto និងទីក្រុង Montreal...ហើយរាល់ប្រតិបត្តិការការទូតទាំងអស់នឹងត្រូវធ្វើឡើងនៅក្នុងស្ថានទូតវេណេស៊ុយអេឡា ប្រចាំទីក្រុងអូតតាវ៉ា»

គួរជម្រាបថា កាលពីដើមសប្ដាហ៍កន្លងទៅ រដ្ឋាភិបាលកាណាដា បានសម្រេចចិត្តបិទស្ថានទូតរបស់ខ្លួនក្នុង ទីក្រុងការ៉ាកាស់ជាបណ្ដោះអាសន្ន ដោយនឹងបន្តផ្ដល់សេវាកម្មនានាដល់ប្រជាជនកាណាដានៅក្នុងប្រទេស វេណេស៊ុយអេឡា តាមរយៈស្ថានទូតកាណាដាប្រចាំប្រទេសកូឡុំប៊ីវិញ៕