(បាងកក)៖ គេហទំព័រ GunPolicy.org បានឱ្យដឹងថាចំនួនកាំភ្លើង ដែលកាន់កាប់ដោយប្រជាជនថៃ (មិន រាប់បញ្ចូលប៉ូលិស និងកងកម្លាំងប្រដាប់អាវុធនានា) គឺមានរហូតដល់ទៅ១០លានដើម។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅថ្ងៃអាទិត្យ ០៩ ខែមិថុនា ឆ្នាំ២០១៩។

យោងតាម GunPolicy.org ក្នុងចំណោមកាំភ្លើង១០លានដើមខាងលើ មាន៦លានដើមត្រូវបានចុះបញ្ជី ដោយស្របច្បាប់ ហើយ៤លានដើមផ្សេងទៀតមិនបានចុះបញ្ជីស្របច្បាប់។ ដោយឡែក ពាក់ព័ន្ធនឹងបញ្ហា កំាភ្លើងនេះដែរ លោកស្រី Chutimas Suksai ដែលជាអ្នកស្រាវជ្រាវម្នាក់ធ្វើការងារជាមួយអង្គការក្រៅ រដ្ឋាភិបាល ក៏បានបញ្ជាក់ដែរថា ករណីឃាតកម្ម ឬការស្លាប់ដោយសារគ្រាប់កាំភ្លើងនៅក្នុងប្រទេសថៃ គឺភាគច្រើនកើតឡើងដោយសារភ្លើងប្រចណ្ឌ។

លោកស្រី Chutimas បានបន្ថែមដូច្នេះថា៖ «វាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលឡើយនោះទេ ដែលគូស្នេហ៍ បាញ់សម្លាប់ដៃគូរបស់ខ្លួន នៅពេលដែលពួករកឃើញថាដៃគូរបស់ខ្លួនមានទំនាក់ទំនងស្នេហាជាមួយ អ្នកដទៃ...ពីព្រោះអ្នកបានដឹងបានឮរឿងបែបនេះកើតឡើងជាច្រើននៅលើប្រព័ន្ធផ្សព្វផ្សាយថៃក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ»

គួរបញ្ជាក់ថា បើតាមគេហទំព័រ GunPolicy.org ការកាន់កាប់អាវុធដោយខុសច្បាប់នៅក្នុងប្រទេសថៃ​ភាគច្រើនកើតឡើងដោយសារតែ នៅពេលសមាជិកគ្រួសាររបស់ពួកគេណាម្នាក់ស្លាប់ ហើយបន្សល់ទុក កាំភ្លើង នោះពួកគេមិនបានចុះបញ្ជីកម្មសិទ្ធិថ្មីឡើយ ខណៈម្ចាស់កាំភ្លើងមួយចំនួនថែមទាំងលួចលាក់ទិញ កាំភ្លើងទៀតផង៕