(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាថ្ងៃសុក្រ (ពេលវេលានៅរដ្ឋធានីវ៉ាស៊ីនតោន) បានបង្ហោះសារ​រិះគន់ទីភ្នាក់ងារអវកាស NASA ដែលបានកំណត់គៅលដៅនាំយកអវកាសយានិក ឲ្យទៅជាន់លើដី​នៃឋានព្រះច័ន្ទជាថ្មីម្តង​ទៀត នៅឆ្នាំ២០២៤ ដែលលឿនជាងគោលដៅពីមុន០៤ឆ្នាំ ហើយលោក ត្រាំ បានទទូចឲ្យ NASA ទៅផ្តោតលើមហិច្ឆតាដែលធំៗជាងនេះវិញ គឺដូចជាការឆ្ពោះ​ទៅ​​​កាន់ភពអង្គារជាដើម។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសៅរ៍ ទី០៨ ខែមិថុនា ឆ្នាំ២០១៩។

លោក ដូណាល់ ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Twitter ដូច្នេះថា «ជាមួយថវិកាដ៏ច្រើនដែល​យើង​កំពុងតែចំណាយ អង្គការ NASA មិនគួរនិយាយពីការធ្វើដំណើរទៅឋានព្រះច័ន្ទនោះទេ គឺយើងធ្លាប់ធ្វើបែបនេះ កាលពី៥០ឆ្នាំមុនហើយ។ ពួកគេ​គួរតែផ្តោតទៅលើរឿងធំៗជាងនេះវិញ ដូចជាឆ្ពោះទៅភពអង្គារជាដើម​»

គួរជម្រាបថា គម្រោងប្រឹងប្រែងទៅកាន់ឋានព្រះច័ន្ទរបស់អង្គការ NASA គឺត្រូវបានជំរុញជាចម្បង ដោយលោក ត្រាំ ផ្ទាល់កាល​ពីចុងឆ្នាំ២០១៧ ហើយកាលពីខែមីនា ឆ្នាំ២០១៩នេះ រដ្ឋបាលលោកក៏បានកំណត់ឲ្យ NASA ធ្វើយ៉ាងណាបញ្ជូនអវកាសយានិក​ឲ្យដល់​ឋានព្រះច័ន្ទនៅឆ្នាំ២០២៤ ដោយកាលពីខែឧសភាកន្លងទៅ រដ្ឋបាលលោក ត្រាំ ទើបតែបានស្នើសភាឲ្យផ្តល់កញ្ចប់ថវិកា​​​១.៦ពាន់លានដុល្លារបន្ថែមដល់ NASA នៅឆ្នាំ២០២០ ដើម្បីសម្រេចគោលដៅនេះ។

បច្ចុប្បន្ន អង្គការ NASA កំពុងគ្រោងសាងសង់ស្ថានីយអវកាសមួយ នៅក្បែរគន្លងរបស់ព្រះច័ន្ទ ដែលអាចបញ្ជូនអវកាសយានិក​ពីទីនោះចុះទៅកាន់ផ្ទៃព្រះច័ន្ទបាន នៅឆ្នាំ២០២៤។ គម្រោងនេះគឺជាផ្នែកមួយនៅក្នុងកិច្ចផ្តួចផ្តើមពោរពេញដោយមហិច្ឆតា ក្នុង​ការប្រើប្រាស់ឋានព្រះច័ន្ទ ជាមូលដ្ឋានសម្រាប់ការត្រៀមលក្ខណៈ ដើម្បីចេញបេសកកម្មបន្តទៅភពអង្គារ (Mars) នាអនាគត​៕​