(សៀតថល)៖ សមាជិកព្រឹទ្ធសភាអាមេរិកបានលើកឡើងថា ក្រុមហ៊ុនផលិតយន្តហោះអាមេរិក Boeing Co បានរកឃើញថា មានការលោតភ្លើងសញ្ញាប្រកាសអាសន្ន នៅក្នុងបន្ទប់បញ្ជាការហោះហើរ​នៃយន្តហោះប្រភេទ 737 MAX តាំងតែពីឆ្នាំ២០១៧ មកម្ល៉េះ ប៉ុន្តែបែរជាក្រុមហ៊ុននេះមិនព្រម​ដោះស្រាយភ្លាមៗនោះឡើយ ដោយបែរជាពន្យារពេលទៅដល់២០២០ ទៅវិញ។ នេះបើតាមការ​ចេញផ្សាយដោយ Channel News Asia នារសៀលថ្ងៃសៅរ៍ ទី០៨ ខែមិថុនា ឆ្នាំ២០១៩។

ភ្លើងសញ្ញាប្រកាសអាសន្នខាងលើនេះ គឺលោតឡើងជាការក្រើនរំលឹកទៅដល់អាកាសយានិក នៅពេលដែលប្រព័ន្ធសេនស័រចំនួនពីរ ដែលប្រើប្រាស់សម្រាប់វាស់មុំរវាងចរន្តខ្យល់បក់ និងស្លាបរបស់យន្តហោះនោះ ឲ្យសញ្ញាមិនស្របទិសដៅគ្នា។ ការផ្តល់ព័ត៌មានខុសនេះហើយ ត្រូវបានក្រុមអ្នកជំនាញសង្ស័យថា អាចជាមូលហេតុដែលបង្កឲ្យយន្តហោះប្រភេទ Boeing 737 MAX ធ្លាក់នៅប្រទេសឥណ្ឌូណេស៊ីកាលពីខែតុលា ឆ្នាំ២០១៨ និងនៅអេត្យូពីកាលពីខែមីនា ឆ្នាំ២០១៩ ដែលបានបណ្តាលឲ្យមនុស្សស្លាប់សរុប ៣៤៦នាក់។

គួរបញ្ជាក់ថា ប្រតិបត្តិករអាកាសចរណ៍ និងសមាជិកសភាអាមេរិក កំពុងតែតាមដានយ៉ាងសកម្ម​ចំពោះករណី Boeing ដែលកំពុងជួបបញ្ហាធំបំផុតមិនធ្លាប់មាន ក្នុងរយៈពេលជាង ១០០មកនេះ។ ដោយឡែកសម្រាប់បញ្ហាខាងលើនេះវិញ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោយការរកឃើញបញ្ហា​នៃភ្លើងប្រកាសអាសន្នលោតខុសពីធម្មតានោះ ក្រុមហ៊ុន Boeing បានសម្រេចបញ្ចេញកម្មវិធី Software ដើម្បីកែប្រែកំហុសលើប្រព័ន្ធសេនស័រសម្រាប់ចង្អុលប្រាប់មុំ និងបញ្ជាទិសស្លាប ដើម្បីឲ្យវាអាចដំណើរការជាបណ្តោះអាសន្នដល់ឆ្នាំ២០២០ ប៉ុន្តែបន្ទាប់ពីការធ្លាក់យន្តហោះ Lion Air នៅឥណ្ឌូណេស៊ីទើបអ្វីៗត្រូវបានពិនិត្យឡើងវិញ៕