(វ៉ាស៊ីនតោន)៖ មន្រ្តីជាន់ខ្ពស់អាមេរិកម្នាក់បាននិយាយថា អ៊ីរ៉ង់បានប្រើប្រាស់កម្មវិធីកាត់ត Photoshop និងបច្ចេកទេសនៃការថតវីដេអូ ក្នុងការធ្វើតេស្តមីស៊ីល និងការបង្ហាញសព្វាវុធនាពេលកន្លងមក ដើម្បីព្យាយាមបង្អួតសមត្ថភាពខ្លួនឯង។ នេះបើតាម ការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី០៨ ខែមិថុនា ឆ្នាំ២០១៩។

អ្នកតំណាងពិសេសរបស់អាមេរិក ទទួលបន្ទុកកិច្ចការអ៊ីរ៉ង់លោក ប៊្រីយ៉ាន ហូក (Brian Hook) បានលើកឡើងក្នុងឃ្លីបវីដេអូមួយថា អ៊ីរ៉ង់បានកាត់តរូបភាព និងវីដេអូនៃការបាញ់តេស្តមីស៊ីលពីមុនៗមក ដើម្បីព្យាយាមបង្អួតពិភពលោក ពីការកើនឡើងសមត្ថភាពរបស់ខ្លួន ហើយអ៊ីរ៉ង់ក៏បានកាត់តរូបភាពយន្តហោះចាស់ៗ ឲ្យមើលទៅដូចជាយន្តហោះចម្បាំងថ្មីៗផងដែរ។

គួរជម្រាបថា យ៉ាងណាមិញកាលពីឆ្នាំ២០១៨ លោក Hook ធ្លាប់បានព្រមានថា អ៊ីរ៉ង់កំពុងបង្កការគំរាមកំហែងកាន់តែខ្លាំងឡើងចំពោះពិភពលោក និងបានអំពាវនាវឲ្យ ប្រជាជនអ៊ីរ៉ង់ងើបបះបោរផ្តួលរំលំរបបដឹកនាំអ៊ីរ៉ង់ទៀតផង ក៏ប៉ុន្តែបច្ចុប្បន្នមន្រ្តីជាន់ខ្ពស់ អាមេរិករូបនេះបែរជាមកអះអាងថា ប្រទេសអ៊ីរ៉ង់បានបន្លំភ្នែកពិភពលោក នូវសមត្ថភាពយោធារបស់ខ្លួនទៅវិញ។

មិនតែប៉ុណ្ណោះ ឥឡូវនេះសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ក៏កំពុងមានភាពតានតឹងខ្លាំងជាមួយគ្នាផងដែរ ចាប់តាំងពីដើមខែឧសភាមក នៅពេលដែលទីក្រុងវ៉ាស៊ីនតោនបានចល័តសព្វាវុធទំនើបៗ ហើយត្រៀមបញ្ជូនកងទ័ពបន្ថែមទៅកាន់តំបន់មជ្ឈិមបូព៌ា ក្រោមហេតុផលថា អ៊ីរ៉ង់កំពុងតែបង្កការគំរាមកំហែងនៅក្នុងតំបន់។ ដោយឡែកការចោទអំពីរឿងកាត់តរូបភាពនេះ ក៏ធ្លាប់បានកើតមានទៅលើកូរ៉េខាងជើងផងដែរ ជុំវិញសមត្ថភាពផលិត និងបាញ់មីស៊ីលផ្លោង៕