(កង់បេរ៉ា)៖ បុរសខ្មាន់កាំភ្លើងអូស្ត្រាលីម្នាក់ ដែលត្រូវបានចោទប្រកាន់ថា បានបាញ់សម្លាប់មនុស្សទាំងកម្រោលបណ្តាលឲ្យបាត់បង់ជីវិត ០៤នាក់ នៅដែនដីភាគខាងជើងអូស្ត្រាលីកាលពីថ្ងៃអង្គារសប្តាហ៍នេះ បាននិយាយថា រូបគេពិតជាសុំទោសខ្លាំងណាស់ ចំពោះអ្វីៗដែលបានកើតមានឡើង។ នេះបើតាមការអះអាងដោយអាជ្ញាធរប៉ូលិសអូស្ត្រាលី នៅព្រឹកថ្ងៃសៅរ៍ ទី០៨ ខែមិថុនា ឆ្នាំ២០១៩។

ជនជាប់ចោទឈ្មោះ ប៊ិនចាមីន ហូហ្វម៉ាន់ (Benjamin Hoffman) អាយុ ៤៥ឆ្នាំ បានបង្ហាញមុខនៅតុលាការទីក្រុង ដរវីន (Darwin) តាមរយៈវីដេអូលីងពីកន្លែងឃុំខ្លួន ដែល​ជនរូបនេះបានទទួលរងការចោទប្រកាន់ជាផ្លូវការ ពីបទមនុស្សឃាត។ ចៅក្រមមួយរូបគឺលោកស្រី អេលីហ្សាប៊ែត ម័ររីស (Elizabeth Morris) ចេញបទបញ្ជាឲ្យមានការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីជនខាងលើនេះត្រូវបានចាប់ខ្លួន ហើយក្រោយមកជនជាប់ចោទ Hoffman បានធ្វើការសុំទោសជាខ្លាំង ចំពោះអ្វីៗដែលបានកើតមានឡើង។

ជនជាប់ចោទ Hoffman បាននិយាយថា «ខ្ញុំពិតជាសុំទោសខ្លាំងណាស់ ចំពោះអ្វីដែលបានកើតមានឡើង... ខ្ញុំពិតជាត្រូវការជំនួយណាស់! សុំជួយខ្ញុំផង...»។ ប៉ូលិសអូស្ត្រាលីបានបញ្ជាក់ទៀតថា ជនឈ្មោះ Hoffman ទើបតែត្រូវបានដោះលែងពីពន្ធនាគារ កាលពីខែមករា ឆ្នាំ២០១៩ កន្លងទៅនេះប៉ុណ្ណោះ៕