(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន និងប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានរួមគ្នារិះគន់ទៅលើ ការគ្រប់គ្រងសេដ្ឋកិច្ចសកលរបស់សហរដ្ឋអាមេរិក ក្នុងឱកាសនៃការចូលរួមវេទិកាសេដ្ឋកិច្ចមួយ នៅឯប្រទេសរុស្ស៊ីកាលពីថ្ងៃសុក្រសប្តាហ៍នេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសៅរ៍ ទី០៨ ខែមិថុនា ឆ្នាំ២០១៩។

ខណៈចិនកំពុងតែជាប់គាំងក្នុងសង្រ្គាមពាណិជ្ជកម្ម ជាមួយទីក្រុងវ៉ាស៊ីនតោន ហើយរុស្ស៊ីស្ថិតក្រោមទណ្ឌកម្មលោកខាងលិច លោក ពូទីន និងលោក ស៊ី បានធ្វើការរិះគន់ពី អសមភាពនៅក្នុងការគ្រប់គ្រងប្រព័ន្ធសេដ្ឋកិច្ចសកល និងបានប្តេជ្ញាកសាងទំនាក់ទំនង ឲ្យកាន់តែជិតស្និទ្ធរវាងរុស្ស៊ី-ចិន។

ថ្លែងនៅក្នុងវេទិការសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំនៅទីក្រុង សេនភីធើស៍ប៊ឺក (Saint Petersburg) លោក ពូទីន បានចោទអាមេរិកថា កំពុងតែព្យាយាមពង្រីកដែនអំណាចរបស់ខ្លួនថែមទៀត នៅក្នុងពិភពលោក។ ដោយថ្កោលទោសលើសង្រ្គាមពាណិជ្ជកម្ម និងការដាក់ទណ្ឌកម្ម លោកប្រធានាធិបតីរុស្ស៊ីបានប្រកូកប្រកាសឲ្យអន្តរជាតិ ពិចារណាឡើងវិញអំពីតួនាទីនៃប្រាក់ដុល្លារ នៅក្នុងការធ្វើពាណិជ្ជកម្មសកល។

បន្ថែមពីខាងលើនេះ លោក ពូទីន បានរិះគន់ធ្ងន់ៗលើការដាក់សម្ពាធរបស់អាមេរិក មកលើប្រទេសទាំងពីរ ដោយលោកលើកឡើងពីកិច្ចប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការរារាំងគម្រោងបណ្តាញតភ្ជាប់បំពង់ផ្គត់ផ្គង់ឧស្ម័នធម្មជាតិ Nord Stream 2 ពីរុស្ស៊ីទៅអាល្លឺម៉ង់ និងការដាក់សម្ពាធលើក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei ដែលរូបលោកហៅថា ជាការបង្កសង្រ្គាមបច្ចេកវិទ្យា។

ចំណែកឯលោក ស៊ី ជិពីង វិញបានរំលេចឡើងពីភាពចាំបាច់នៃចំណាត់ការផ្សេងៗ ដើម្បីជម្នះលើអសមភាពនៅក្នុងប្រព័ន្ធសេដ្ឋកិច្ចសកល ហើយលោកបានអំពាវនាវឲ្យអន្តរជាតិ រួមគ្នាការពារប្រព័ន្ធសេដ្ឋកិច្ចលក្ខណៈពហុភាគីឲ្យបាន នៅចំពោះមុខការគំរាម កំហែងពីអាមេរិក។

ដោយចាត់ទុករុស្ស៊ីជាដៃគូដ៏សំខាន់មួយ លោក ស៊ី ជិនពីង បាននិយាយថា ប្រទេសលោកនឹងខិតខំកសាងកិច្ចសហប្រតិបត្តិការ ដែលប្រកបដោយអត្ថប្រយោជន៍ ដោយឈរលើគោលការណ៍នៃភាពស្មើគ្នា និងការគោរពទៅវិញទៅមក ជាមួយបណ្តាប្រទេសជាមិត្ត ហើយចិនត្រៀមលក្ខណៈរួចជាស្រេច ដើម្បីចែករំលែកបច្ចេកវិទ្យាថ្មីៗជាមួយគ្រប់ដៃគូរបស់ខ្លួន ជាពិសេសគឺបច្ចេកវិទ្យា 5G តែម្តង៕