(ឡុងដ៍)៖ លោកស្រី Theresa May នៅថ្ងៃសុក្រនេះ បានលាលែងចេញពីតំណែងជាប្រធានគណបក្ស អភិរក្សនិយមរបស់លោកស្រីជាផ្លូវការហើយ ប៉ុន្តែលោកស្រីនឹងនៅតែបន្តធ្វើជានាយករដ្ឋមន្ត្រីអង់គ្លេស ដដែល រហូតដល់រកអ្នកជំនួសលោកស្រីបាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី០៧ ខែមិថុនា ឆ្នាំ២០១៩។

ការប្រកាសលាលែងពីតំណែងជាប្រធានគណបក្សអភិរក្សនិយមរបស់លោកស្រី May ធ្វើឡើងតែជាង២ សប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីលោកស្រីផ្ទាល់ ប្រកាសលាលែងចេញពីតំណែងជានាយករដ្ឋមន្ត្រី ដោយសារតែមិនអាចយកអង់គ្លេសចេញពីសហភាពអឺរ៉ុប (Brexit) បាន។ សមាជិកសភាបក្សអភិរក្ស និយមចំនួន១១នាក់ នឹងត្រូវប្រកួតប្រជែងគ្នាដើម្បីជំនួសតំណែងលោកស្រី May ក្នុងនាមជាប្រធាន គណបក្សអភិរក្សនិយម និងជានាយករដ្ឋមន្ត្រីអង់គ្លេសថ្មី។

គួរបញ្ជាក់ថា ការប្រកួតជ្រើសរើសប្រធានគណបក្សអភិរក្សនិយម នឹងត្រូវធ្វើឡើងនៅថ្ងៃចន្ទសប្ដាហ៍ ក្រោយ ហើយលោកស្រី May នឹងបន្តកាន់តំណែងជាប្រធានបក្សបណ្ដោះអាសន្ន រហូតដល់មេដឹកនាំថ្មី ត្រូវបានជ្រើសរើស៕