(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បាននិយាយថា រុស្ស៊ីត្រៀមខ្លួនជាស្រេចដើម្បី បោះបង់ចោលសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរនានាជាមួយសហរដ្ឋអាមេរិក និងបានព្រមានអំពីសេចក្តីវិនាសអន្តរាយជាសកល ប្រសិនបើទីក្រុងវ៉ាស៊ីនតោន នៅតែបន្តបំផ្លិចបំផ្លាញកិច្ចព្រមព្រៀងអន្តរជាតិទាំងនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញ ពីសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី០៧ ខែមិថុនា ឆ្នាំ២០១៩។

ថ្លែងនៅចំពោះមុខទីភ្នាក់ងារព័ត៌មានអន្តរជាតិធំៗ ក្នុងវេទិកាសេដ្ឋកិច្ចមួយនៅទីក្រុង Saint Petersburg លោក ពូទីន បានលើក ឡើងថា ទីក្រុងវ៉ាស៊ីនតោនមិនបានបង្ហាញពីការយកចិត្តទុកដាក់ពិតប្រាកដ នៅក្នុងកិច្ចពិភាក្សាដើម្បីបន្តពន្យារសុពលភាពនៃ សន្ធិសញ្ញា New START ដែលជាសន្ធិសញ្ញាកំណត់នូវចំនួនគ្រាប់ក្បាលនុយក្លេអ៊ែររបស់ប្រទេសទាំងពីរ ឲ្យនៅទាបជាងឆ្ងាយ កាលពីសម័យសង្រ្គាមត្រជាក់ឡើយ។

នាឱកាសនោះ លោក ពូទីន បាននិយាយដូច្នេះថា «បើគ្មាននរណាម្នាក់ មានអារម្មណ៍ចង់ពន្យារសន្ធិសញ្ញា New START ទេ នោះ មានអីយើងនឹងមិនបាច់ធ្វើបែបនោះទេអ៊ីចឹង។ ពួកយើងធ្លាប់និយាយរាប់រយដងហើយថា យើងចង់ពន្យារសុពលភាព វា តទៅមុខទៀត ប៉ុន្តែនៅតែមិនទាន់ឃើញមានដំណើរការចរចាផ្លូវការណាមួយកើតឡើង»

សន្ធិសញ្ញា New START ដែលជំនួសសន្ធិសញ្ញាចាស់ START I បង្កើតឡើងកាលពីឆ្នាំ១៩៩៤ និងបានផុតសុពលភាពឆ្នាំ២០០៤ ត្រូវបានចុះហត្ថលេខាដោយអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា និងលោក Dmitry Medvedev ដែលកាលនោះជា ប្រធានាធិបតីរុស្ស៊ី នៅឯទីក្រុង Prague ប្រទេសឆែក កាលពីឆ្នាំ២០១០ ហើយសន្ធិសញ្ញានេះនឹងត្រូវអស់សុពលភាពនៅក្នុងឆ្នាំ ២០២១។

សន្ធិសញ្ញា New START និងសន្ធិសញ្ញាមួយទៀតហៅថា INF គឺជាកិច្ចព្រមព្រៀងដ៏សំខាន់ ក្នុងការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ រវាងប្រទេសទាំងពីរ។ ប៉ុន្តែសន្ធិសញ្ញា INF បានទទួលរងភាពប្រេះឆា បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាន សម្រេចចាប់ផ្តើមនីតីវិធីដកខ្លួនកិច្ចព្រមព្រៀងនេះកាលពីខែកុម្ភៈកន្លងទៅ ដែលត្រូវចំណាយពេល៦ខែ ក្រោមការចោទក្រាន់ថា រុស្ស៊ីបាន រំលោភលើលក្ខខណ្ឌដែលមានចែងក្នុងកិច្ចព្រមព្រៀង ហើយទីក្រុងម៉ូស្គូកាលពីខែមីនា ក៏បានសម្រេចផ្អាកការអនុវត្តន៍កាតព្វកិច្ច នៅ ក្រោមសន្ធិសញ្ញានេះដែរ។

លោក ពូទីន បានព្រមានថា តាមរយៈការបណ្តោយឲ្យបាត់បង់សន្ធិសញ្ញានុយក្លេអ៊ែរដ៏ចាំបាច់ទាំងនេះ ការរត់ប្រណាំងអាវុធនុយ ក្លេអ៊ែរ នឹងលេចរូបរាងឡើងវិញ ហើយវានឹងអាចបង្កឲ្យមានសេចក្តីវិនាសអន្តរាយយ៉ាងធ្ងន់ធ្ងរ ចំពោះពិភពលោកទាំងមូល៕