(វ៉ាស៊ីនតោន)៖ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា នាថ្ងៃព្រហស្បតិ៍នេះ បានបញ្ជាក់ថា ទីក្រុងញូដេលីនឹងនៅតែទិញប្រព័ន្ធ មីស៊ីលការពារដែនអាកាស S-400 របស់រុស្ស៊ី ខណៈអាមេរិកបានគំរាមដាក់ទណ្ឌកម្ម។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃព្រហស្បតិ៍ ទី០៦ ខែមិថុនា ឆ្នាំ២០១៩។

អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា បាននិយាយថា «ខ្ញុំមិនអាចចែករំលែកឲ្យដឹងថា តើយើងនឹងដោះស្រាយបញ្ហាទាំងមូលនេះ ដោយរបៀបណាឡើយ។ ពួកយើងមានកិច្ចសន្យាដែលត្រូវបានចុះហត្ថលេខាត្រឹមត្រូវ ហើយដូចដែលអ្នកទាំងអស់គ្នាបានដឹង គឺនីតិវិធីផ្សេងៗកំពុងតែត្រូវរៀបចំឡើងដើម្បីអនុវត្តន៍កិច្ចសន្យានេះ។ ស្របពេលជាមួយគ្នា យើងក៏បានទាក់ទងជាមួយអាមេរិក ជុំវិញបញ្ហាទណ្ឌកម្មផងដែរ»

គួរជម្រាបថា ច្បាប់មួយហៅកាត់ CAATSA របស់អាមេរិក ដែលត្រូវបានអនុម័តកាលពីឆ្នាំ២០១៧ អនុញ្ញាតឲ្យទីក្រុងវ៉ាស៊ីនតោន ដាក់ទណ្ឌកម្មសេដ្ឋកិច្ច លើប្រទេសទាំងឡាយ ដែលហ៊ានទិញបរិក្ខាយោធាឬសព្វាវុធពីប្រទេសរុស្ស៊ី។ ទាក់ទិននឹងការទិញប្រព័ន្ធ S-400 អាមេរិកក៏បាននិងកំពុងបន្តគំរាមប្រទេសតួកគីឲ្យបោះចោលកិច្ចសន្យាស្រដៀងគ្នានឹងឥណ្ឌាដែរ តែតួកគីបានបញ្ជាក់ថា ខ្លួននឹងមិនធ្វើតាមអាមេរិកឡើយ។

ឥណ្ឌាបានចុះកិច្ចសន្យាទំហំ៥.៤៣ពាន់លានដុល្លារ ដើម្បីទិញប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ី កាលពីខែតុលា ឆ្នាំ២០១៨។ ក្នុងនោះ ប្រព័ន្ធមីស៊ីល S-400 មួយក្រុមដំបូង នឹងត្រូវប្រគល់មកដល់ដៃឥណ្ឌានៅខែតុលា ឆ្នាំ២០២០ ហើយសល់ប៉ុន្មានទៀតគឺប្រគល់នៅឆ្នាំ២០២៣៕