(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ ស្រាប់តែបានទទួលស្គាល់ថា សហរដ្ឋអាមេរិកពិតជាមានការលំបាកយ៉ាងខ្លាំង ក្នុងការធ្វើឱ្យក្រុមគណបក្សប្រឆាំងវេណេស៊ុយអេឡា រួបរួមគ្នាជាធ្លុងមួយដើម្បី ប្ដូររបបដឹកនាំនៅក្នុងប្រទេសអាមេរិកឡាទីនមួយនេះ។ នេះបើតាមកាសែត Washington Post ដកស្រង់ការផ្សាយនៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៦ ខែមិថុនា ឆ្នាំ២០១៩។

កាសែតអាមេរិក Washington Post ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយសំអាងលើខ្សែអាត់សំឡេងបែកធ្លាយរបស់លោក ប៉ុមប៉េអូ នៅក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំជ្វីបកាលពីសប្ដាហ៍មុន។ លោក ប៉ុមប៉េអូ បានលើកឡើងនៅក្នុងខ្សែអាត់សំឡេងនោះដូច្នេះថា «ឧបសគ្គដ៏ធំរបស់យើង គឺការធ្វើឱ្យ គណបក្សប្រឆាំងវេណេស៊ុយអេឡារួបរួមគ្នា... ហើយតើអ្នកដឹងទេនៅពេលមួយដែលលោក ម៉ាឌូរ៉ូ អស់អំណាច ពួកគេគ្រប់គ្នា (បក្សប្រឆាំង) នឹងនាំគ្នាលើកដៃហើយនិយាយថា រើសយកខ្ញុំទៅៗ ខ្ញុំសមនឹងធ្វើជាប្រធានាធិបតីវេណស៊ុយអេឡា... ពោលគឺបើនិយាយឱ្យចំមានមនុស្សច្រើនជាង ៤០នាក់ ដែលជឿជាក់ថា ខ្លួនឯងអាចជំនួសលោក ម៉ាឌូរ៉ូបាន»។

គួរជម្រាបថា លោក ម៉ៃក៍ ប៉ុមប៉េអូ មិនទាន់បានបញ្ចេញប្រតិកម្មខ្លាំងក្លាណាមួយ ជុំវិញការលេចធ្លាយខ្សែអាត់សំឡេងខាងលើនៅឡើយទេ ដោយគ្រាន់តែលោកជឿជាក់ថា ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ អាចនឹងបោះបង់ចោលអំណាចរបស់ខ្លួននៅថ្ងៃណាមួយ ដោយសារតែវិបត្តិនៅវេណេស៊ុយអេឡាពិបាករកផ្លូវចេញ និងសម្ពាធធ្ងន់ធ្ងរពីសម្ព័ន្ធមិត្តអាមេរិក៕