(ប៉េកាំង)៖ តម្លៃរ៉ែកម្រ (rare earth) របស់ចិនអាចនឹងកើនឡើងខ្ពស់ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនរាយការណ៍ថា ទីក្រុងប៉េកាំងអាចនឹងប្រើប្រាស់ប្រភេទរ៉ែនេះ ជាអាវុធក្នុងការធ្វើសង្រ្គាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៦ ខែមិថុនា ឆ្នាំ២០១៩។

រ៉ែកម្រ (rare earth) គឺជាប្រភេទរ៉ែដ៏សំខាន់មួយ ដែលត្រូវបានគេយកទៅប្រើប្រាស់​ជាវត្ថុធាតុដើមផលិត រាប់ចាប់ពីការផលិតបរិក្ខាយោធា រហូតដល់គ្រឿងអេឡិចត្រូនិច។ ក៏ប៉ុន្តែ ដោយសារសង្រ្គាមពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក ក្រុមអ្នកជំនាញសេដ្ឋកិច្ចជាច្រើន ដូចជាលោកស្រី ហេឡេន ឡូ (Helen Lau) ជាដើមយល់ថា តម្លៃរ៉ែកម្រអាចនឹងហក់ឡើងខ្ពស់​នៅពេលអនាគត។

លោកស្រី Lau បានលើកឡើងដូច្នេះថា «តម្លៃរ៉ែកម្រអាចនឹងកើនឡើងដល់កម្រិតខ្ពស់បំផុតមួយ បើសិនជាចិនប្រើប្រាស់វាជាអាវុធនៅក្នុងសង្រ្គាម ពាណិជ្ជកម្មបច្ចុប្បន្ន... ដ្បិតសហរដ្ឋអាមេរិកអាចនឹងរកគោលដៅផ្គត់ផ្គង់ផ្សេងក្រៅពីចិន ដែលនេះអាចនឹងធ្វើឱ្យតម្រូវការរ៉ែកម្រនឹងកាន់តែកើនឡើង»

គួរបញ្ជាក់ថា ចិនគឺជាអ្នកផ្គត់ផ្គង់រ៉ែកម្រដ៏ធំបំផុតមួយរបស់សហរដ្ឋអាមេរិក។ ជាក់ស្ដែងកាលពីឆ្នាំ ២០១៤ ដល់ឆ្នាំ២០១៧ ចិនបានផ្គត់ផ្គង់រហូតដល់ទៅ ៨០ភាគរយ នៃរ៉ែកម្រដែលនាំចូលទៅ សហរដ្ឋអាមេរិក។ រ៉ែប្រភេទនេះសំខាន់ណាស់សម្រាប់អាមេរិក ព្រោះចាប់តាំងពីការដំឡើងពន្ធ​លើទំនិញចិន រាប់រយពាន់លានដុល្លារមក អាមេរិកគ្មានចេតនាដំឡើងពន្ធលើរ៉ែរបស់ចិននេះឡើយ ដែលប្រការនេះបង្ហាញថា វាមានភាពចាំបាច់ខ្លាំងសម្រាប់អាមេរិក ប៉ុន្តែអ្នកវិភាគខ្លះបានអះអាងថា បើមិនដល់តំណាក់កាលចុងក្រោយទេ ចិនក៏មិនអាចយករ៉ែនេះជាអាវុធវាយបកអាមេរិកនោះដែរ៕