(វ៉ាស៊ីនតោន)៖ យានអវកាស Solar Parker Probe របស់ទីភ្នាក់ងារអវកាសអាមេរិក NASA កំពុងស្ថិតក្នុងដំណើរឆ្ពោះទៅកៀកព្រះអាទិត្យជាថ្មីម្តងទៀត ខណៈក្រុមអ្នកវិទ្យាសាស្រ្តសង្ឃឹមថា វានឹងអាចជួយពួកគេទម្លាយអាថ៌កំបាំងមួយ ជាយូរណាស់មកហើយរបស់ដួងផ្កាយនេះ នោះគឺសំណួរថា តើហេតុអ្វីបានជាបរិស្ថាននៃផ្នែកខាងលើរបស់ព្រះអាទិត្យ (បរិយាកាស) មានកម្តៅរាប់លានអង្សាសេ ខណៈដែលនៅផ្ទៃរបស់វាមានកម្តៅត្រឹមតែ ៦,០០០អង្សាសេប៉ុណ្ណោះនោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Space នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៦ ខែមិថុនា ឆ្នាំ២០១៩។

អាថ៌កំបាំងនៅពីក្រោយបាតុភូតកម្តៅនេះ គឺបានធ្វើឲ្យអ្នកវិទ្យាសាស្រ្តនៅលើផែនដីងឿងឆ្ងល់អស់ រយៈពេលជាង ៥០០ឆ្នាំមកហើយ ប៉ុន្តែឥឡូវ NASA សង្ឃឹមថាក្នុងរយៈពេលយ៉ាងច្រើន ០២ឆ្នាំទៀត យាន Parker Solar Probe នឹងអាចជួយផ្តល់ចម្លើយបាន។ ស្រទាប់បរិយាកាសផ្នែកខាងលើបំផុតរបស់ព្រះអាទិត្យ ត្រូវគេហៅថាស្រទាប់ Corona។ ជាមួយគ្នានេះ អ្នកវិទ្យាសាស្រ្តក៏ចង់ដឹងផងដែរថា តើបាតុភូតកម្តៅនេះ រីកសាយភាយក្នុងរយៈកម្ពស់ខ្ពស់ប៉ុន្មានពីផ្ទៃព្រះអាទិត្យ ខណៈពួកគេបានចំណាយពេល រាប់ទសវត្សរ៍អង្កេតមើលវាពីចម្ងាយ តាមរយៈយានអវកាស Wind របស់ NASA។

គួរជម្រាបថា នៅឆ្នាំ២០២១ យានអវកាស Parker Solar Probe ត្រូវគេរំពឹងថា នឹងអាចប្រមូលយកទិន្នន័យសំខាន់ៗបំផុត នៃស្រទាប់បរិយាកាសរបស់ព្រះអាទិត្យ ខណៈបេសកកម្មនេះបានចាប់ផ្តើមកាលពីឆ្នាំ២០១៨ ហើយនឹងបន្តរហូតដល់យ៉ាងហោច ណាស់ឆ្នាំ២០២៥៕