(ម៉ូស្គូ)៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង និងសមភាគីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានចូលរួមក្នុងពិធីរំលឹកខួបលើកទី ៧០ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ នៅថ្ងៃពុធសប្ដាហ៍នេះ ចំពោះមុខដំណើរទស្សនកិច្ចរបស់លោក ដូណាល់ ត្រាំ នៅតំបន់អឺរ៉ុប ជាពិសេសចក្រភពអង់គ្លេស ដែលកំពុងធ្វើឲ្យពិភពលោកទាំងមូលចាប់អារម្មណ៍ជាខ្លាំង។ នេះបើតាមការចេញផ្សាយដោយ​ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៦ ខែមិថុនា ឆ្នាំ២០១៩។

ពីធីរំលឹកខួបទំនាក់ទំនងការទូតចិន និងរុស្ស៊ី ធ្វើឡើងក្នុងឱកាសដែលលោក ស៊ី ជិនពីង កំពុងបំពេញទស្សនកិច្ចនៅទីក្រុងម៉ូស្គូ។ ក្រោយពិធីនេះដែរ មេដឹកនាំទាំងពីរ បានចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមមួយ ពាក់ព័ន្ធនឹងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី​រវាងប្រទេសទាំងពីរ ឱ្យទៅជាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រនាសម័យថ្មី។

គួរបញ្ជាក់ថា លោក ពូទីន និងលោក ស៊ី សុទ្ធតែបានគូសបញ្ជាក់ដូចគ្នាពីទំនាក់ទំនងល្អរវាងចិន និងរុស្ស៊ី ព្រមទាំងការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការការពារសណ្ដាប់ធ្នាប់ និងស្ថេរភាពនៅលើពិភពលោក។ ក្រៅពីនេះវិស័យពាណិជ្ជកម្មរវាងប្រទេសមហាយក្សទាំងពីរ ក៏នឹងរីកធំឡើងផងដែរ ខណៈរុស្ស៊ីព្រមទទួលយកការអភិវឌ្ឍបណ្តាញ 5G របស់ក្រុមហ៊ុន Huawei ហើយចិនក៏ទំនងជាចង់តភ្ជាប់បណ្តាញផ្គត់ផ្គង់ឧស្ម័ន ពីរុស្ស៊ីបន្ថែមផងដែរទៅថ្ងៃមុខ៕