(ម៉ិចស៊ីកូស៊ីធី)៖ អាជ្ញាធរម៉ិចស៊ីកូនាថ្ងៃពុធនេះសប្តាហ៍នេះ (ពេលវេលានៅមិចស៊ីកូស៊ីធី) បានរារាំងក្រុមជនភៀសខ្លួនប្រមាណ ១,២០០នាក់ ដែលមកពីតំបន់អាមេរិកកណ្តាល បន្ទាប់ពីពួកគេបានឆ្លងចូលក្នុងទឹកដីម៉ិចស៊ីកូ ដើម្បីត្រៀមឆ្ពោះទៅសហរដ្ឋអាមេរិក ខណៈប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទើបតែបានគំរាមយកពន្ធលើទំនិញគ្រប់មុខរបស់ម៉ិចស៊ីកូ ជុំវិញបញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់។ នេះបើតាមការដកស្រង់ការផ្សាយ​ចេញពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៦ ខែមិថុនា ឆ្នាំ២០១៩។

កម្លាំងទាហាន និងប៉ូលិសរបស់ម៉ិចស៊ីកូ បានបង្ខំឲ្យជនភៀសខ្លួនមួយក្រុមធំខាងលើ ដែលភាគច្រើនគឺមកពីហុងឌូរ៉ាស់ ឲ្យនាំគ្នាឈប់នៅទីក្រុង មេតាផា ឌែ ដូមីនីក (Metapa de Dominguez) ដែលស្ថិតនៅចម្ងាយប្រមាណ ១២គីឡូម៉ែត្រពីព្រំប្រទល់ម៉ីចស៊ីកូ-ហ្គាតេម៉ាឡា។ ថ្មីៗនេះរដ្ឋាភិបាលម៉ិចស៊ីកូ បានដាក់ពង្រាយកងកម្លាំងឆ្មាំការពារជាតិ ទៅកាន់ព្រំដែនភាគខាងត្បូងរបស់ខ្លួន និងបង្កើតចំណាត់ ការឃុំខ្លួនក៏ដូចជាបញ្ជូនខ្លួនជនភៀសខ្លួន​ឲ្យត្រឡប់ចេញទៅវិញ ក្រោមគោលដៅកាត់បន្ថយលំហូរជនភៀសខ្លួន ដែលព្យាយាមឆ្លងកាត់ទឹកដីម៉ិចស៊ីកូ ដើម្បីឆ្ពោះទៅអាមេរិក។

គួរជម្រាបថា បញ្ហាជនភៀសខ្លួនខុសច្បាប់នៅព្រំដែនអាមេរិក-ម៉ិចស៊ីកូ បានធ្វើឲ្យលោក ដូណាល់ ត្រាំ មិនពេញចិត្តជាខ្លាំង។ កាលពីសប្តាហ៍មុនលោក ត្រាំ បានគំរាមថានឹងយកពន្ធ ០៥ភាគរយ​ លើផលិតផលគ្រប់មុខដែលនាំចូលពីម៉ិចស៊ីកូ នៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះហើយ ហើយអត្រាពន្ធនេះនឹងកើនឡើងជាបន្តបន្ទាប់រហូតដល់ ២៥ភាគរយ នៅខែតុលា ប្រសិនបើបញ្ហាជនភៀសខ្លួន-អន្តោប្រវេសន៍ នៅព្រំដែនរវាងប្រទេសទាំងពីរ នៅតែមិនអាចដោះស្រាយបានទេនោះ៕