ក្រុមហ៊ុន Huawei ចុះកិច្ចព្រមព្រៀងអភិវឌ្ឍប្រព័ន្ធ 5G នៅក្នុងប្រទេសរុស្ស៊ី (Video inside)

06-06-2019 08:33

(ម៉ូស្គូ)៖ ក្រុមហ៊ុន Huawei របស់ចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយក្រុមហ៊ុន ទូរគមនាគមន៍រុស្ស៊ី MTS ដើម្បីអភិវឌ្ឍប្រព័ន្ធ 5G នៅក្នុងប្រទេសរុស្ស៊ីនៅឆ្នាំក្រោយនេះ។ នេះបើ តាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែមិថុនា ឆ្នាំ២០១៩។

កិច្ចព្រមព្រៀងរវាងក្រុមហ៊ុន Huawei និងក្រុមហ៊ុន MTS ត្រូវបានចុះហត្ថលេខាអំឡុងជំនួបរវាង ប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងទីក្រុងម៉ូស្គូ នៅថ្ងៃពុធសប្ដាហ៍នេះ។ សេចក្ដីថ្លែងការណ៍របស់ក្រុមហ៊ុន MTS បានបញ្ជាក់បន្ថែមដូច្នេះថា៖ «កិច្ចព្រមព្រៀងនេះគឺសំដៅទៅលើការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យា 5G នៅក្នុងឆ្នាំ២០១៩-២០២០»។

គួរបញ្ជាក់ថា ការចុះកិច្ចព្រមព្រៀងរវាងក្រុមហ៊ុន Huawei និងក្រុមហ៊ុន MTS កើតមានឡើងនៅ ចំពេលដែលសហរដ្ឋអាមេរិក កំពុងអំពាវនាវឱ្យសម្ព័ន្ធមិត្តរបស់ខ្លួនឈប់ប្រើប្រាស់បច្ចេកវិទ្យារបស់ Huawei ដោយសំអាងលើបញ្ហាសន្តិសុខជាតិ។ ប៉ុន្តែក្រុមហ៊ុនយក្សចិនមួយនេះ បានច្រានចោល រាល់ការចោទប្រកាន់របស់សហរដ្ឋអាមេរិក៕