ធនាគារអាល្លឺម៉ង់ «រឹបអូសមាសវេណេស៊ុយអេឡា២០តោន» ព្រោះប្រទេសនេះគ្មានលទ្ធភាពសងបំណុល (Video inside)

05-06-2019 22:06

(ការ៉ាកាស់)៖ ធនាគារមួយនៃប្រទេសអាល្លឺម៉ង់ (Deutsche Bank AG) បានធ្វើការរឹបអូស មាសសរុប «២០តោន» ដែលជាទ្រព្យសម្បត្តិរបស់វេណេស៊ុយអេឡា ដាក់តម្កល់នៅទីនោះ ដោយសារតែប្រទេសអាមេរិកឡាទីនមួយនេះ មិនអាចសងបំណុលដែលខ្លួនជំពាក់ ឲ្យបានទាន់ពេលវេលា។ នេះបើតាមការចេញផ្សាយដោយ Sputnik ដកស្រង់ពីសារព័ត៌មាន Bloomberg នាយប់ថ្ងៃពុធ ទី០៥ ខែមិថុនា ឆ្នាំ២០១៩។

ប្រភពមួយដែលមិនបញ្ជាក់អត្តសញ្ញាណបានឲ្យដឹងថា ប្រទេសវេណេស៊ុយអេឡាបានយក មាសរបស់ខ្លួនធ្វើជាថ្នូរនឹងប្រាក់កម្ចីសរុប ៧៥០លានដុល្លារអាមេរិកពីធនាគារខាងលើនេះ ក្រោយពីទីក្រុងការ៉ាកាស់ បានចាប់ផ្តើមធ្វើការខ្ចីលុយពីធនាគារ Deutsche ជាបន្ទាប់គិតចាប់តាំងពីឆ្នាំ២០១៦មក តាមរយៈកិច្ចព្រមព្រៀមហិរញ្ញវត្ថុរវាងគ្នា ដែលនឹងត្រូវផុតកំណត់រហូតដល់ឆ្នាំ២០២១។

ប្រភពដដែលបានបន្តទៀតថា ធនាគារអាល្លឺម៉ង់ Deutsche បានសម្រេចបញ្ចប់កិច្ចសន្យា ជាមួយនឹងរដ្ឋាភិបាលវេណេស៊ុយអេឡា ដោយសារតែប្រទេសនេះបានខកខានមិនបាន ទូទាត់ប្រាក់សំណង ឲ្យបានទាន់កាលកំណត់កាលពីដើមឆ្នាំ២០១៩។

ដោយឡែកកាលពីខែ ឧសភា កន្លងទៅថ្មីៗនេះវិញ សេចក្តីរាយការណ៍មួយបានឲ្យដឹងថា ប្រទេសវេណេស៊ុយអេឡា បានលក់មាសចំនួន ១៥តោនទៀត ដែលតម្កល់ទុកក្នុងធនាគារកណ្តាលរបស់ខ្លួន ដើម្បីទទួលបានប្រាក់ ៥៧០លានដុល្លារអាមេរិក ចំពោះមុខទណ្ឌកម្មពីសហរដ្ឋអាមេរិក។ វាបានធ្វើឲ្យប្រទេស អាមេរិកឡាទីនមួយនេះ សល់មាសតិចបំផុតមិនធ្លាប់មានក្នុងរយៈពេល ២៩ឆ្នាំ ដែលគិតជាទឹកប្រាក់ ៧.៩ពាន់លានដុល្លារ៕