(ព្រុចសែល)៖ តុលាការសហភាពអឺរ៉ុបបានប្រកាសនៅថ្ងៃពុធនេះថា សេវាកម្មហៅទូរស័ព្ទតាម​បណ្តាញអ៊ីនធើណិត និងផ្ញើសាររបស់កម្មវិធី Skype ដែលជាកម្មសិទ្ធិរបស់​ក្រុមហ៊ុនយក្សអាមេរិក Microsoft នោះ គឺអាចត្រូវបានចាត់ទុកថា ជាប្រតិបត្តិករទូរគមនាគមន៍មួយទៅហើយ ព្រោះតែវាបានតម្រូវឲ្យអតិថិជនទាំងអស់ បង់ថ្លៃសេវា និងមានកិច្ចព្រមព្រៀងរវាងកម្មវិធីនេះ ជាមួយនិងប្រតិបត្តិករបណ្តាញនានា ដើម្បីអាចធ្វើការហៅទូរស័ព្ទបាន។ នេះបើតាមការចេញផ្សាយ​ដោយ Channel News Asia នាយប់ថ្ងៃពុធ ទី០៥ ខែមិថុនា ឆ្នាំ២០១៩។

តុលាការប៊ែលហ្សិក និងវិទ្យាស្ថាននៃសេវាប្រៃសណីយ៍ និងទូរគមនាគមន៍ប៊ែលហ្សិក (IBPT) បានបញ្ជូន​របាយការណ៍គូសបញ្ជាក់មួយ ទៅកាន់តុលាការយុត្តិធម៌អឺរ៉ុប ដើម្បីធ្វើការពិនិត្យ និងសម្រេចថាតើសេវា SkypeOut របស់កម្មវិធី Skype ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់​ធ្វើការហៅចេញ (Call) ពីកុំព្យូទ័រ ទៅកាន់ទូរស័ព្ទដៃដែលត្រូវចំណាយប្រាក់នោះ គួរតែត្រូវបានចាត់ទុកថា ជាការបម្រើសេវាដូចក្រុមហ៊ុនទូរគមនាគមន៍នានាដែរ ឬទេ។

ជុំវិញការចោទប្រកាន់ខាងលើនេះ នៅក្នុងការស្រាយបំភ្លឺមួយទៅកាន់តុលាការ តំណាងរបស់កម្មវិធី Skype បានអះអាងថា ខ្លួនមិនបានប្រើប្រាស់បណ្តាញបញ្ជូនសេវា ដោយខ្លួនឯងនោះឡើយ ហើយខ្លួនក៏មិនបានផ្តល់នូវសេវាទំនាក់ទំនងបែបអេឡិចត្រូនិក ផ្ទុយពីអ្វីដែលសហភាពអឺរ៉ុបបានកំណត់នៅក្នុងច្បាប់នោះដែរ។ ទោះជាបែបនេះក្តី ក្រុមហ៊ុន Microsoft ដែលជាមេរបស់ Skype វិញបានបញ្ជាក់ថា ខ្លួននឹងអនុលោមទៅតាមសេចក្តីសម្រេច ដែលនឹងតម្រូវឱ្យសេវាបង់ប្រាក់នេះ ត្រូវប្រតិបត្តិទៅតាមច្បាប់កំណត់យ៉ាងម៉ឺងម៉ាត់។

គួរបញ្ជាក់ថា ដើម្បីការពារក្រុមហ៊ុនទូរគមនាគមន៍នៅក្នុងសហភាពអឺរ៉ុប និងរក្សាគម្លាតដ៏ត្រឹមត្រូវ​ជាមួយនឹងគូរប្រជែងថ្មីៗ ដែលប្រតិបត្តិសេវាតាមបណ្តាញអ៊ីនធើណិតនោះ កាលពីពីរឆ្នាំមុននេះស្នងការអឺរ៉ុប បានអនុម័តនូវច្បាប់ថ្មីមួយដែលមានឈ្មោះថា «ច្បាប់ទំនាក់ទំនងអេឡិចត្រូនិកអឺរ៉ុប» ដោយមានតួនាទីឃ្លាំមើលសកម្មភាពរបស់កម្មវិធី Skype, Whatsapp, Facebook Messenger និងកម្មវិធីបញ្ជូនសារសំឡេងឯទៀតៗ ឲ្យសមស្របទៅតាមបទដ្ឋានសេវាកម្ម ដែលត្រូវបានកំណត់៕