(បាងកក)៖ សម្ព័ន្ធគណបក្សប្រឆាំងរដ្ឋាភិបាលយោធាថៃ ដែលដឹកនាំដោយគណបក្សភឿថៃ (Pheu Thai) បានសម្រេចជ្រើស រើសប្រធានគណបក្សអនាគតឆ្ពោះទៅមុខ (Future Forward) គឺ លោក Thanathorn Juangroongruangkit ជាបេក្ខភាពនាយក រដ្ឋមន្រ្តី ដើម្បីទៅប្រជែងយកតំណែងនេះជាមួយនាយករដ្ឋមន្រ្តីថៃបច្ចុប្បន្ន លោក ប្រាយុទ្ធ ចាន់អូចា។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃពុធ ទី០៥ ខែមិថុនា ឆ្នាំ២០១៩។

យ៉ាងណាមិញ ប្រការនេះបានធ្វើឲ្យមានការមិនពេញចិត្តមួយចំនួន ក្នុងចំណោមតំណាងរាស្រ្តរបស់គណបក្សភឿថៃផ្ទាល់ ដែល ភាគច្រើនគាំទ្រលោកស្រី Khunying Sudarat Keyuraphan ដែលជាបេក្ខភាពនាយករដ្ឋមន្រ្តីរបស់ភឿថៃ ក៏ប៉ុន្តែលោកស្រីបាន បញ្ជាក់រួចហើយថា លោកស្រីមិនចង់ក្លាយជានាយករដ្ឋមន្រ្តីនោះទេ។

ជាមួយគ្នានេះ ប្រធានគណបក្សភឿថៃ លោក Phumtham Wechayachai បាននិយាយថា ភឿថៃចាំបាច់ត្រូវតែគាំទ្រ លោក Thanathorn ដើម្បីរក្សាសាមគ្គីភាពនៃសម្ព័ន្ធគណបក្សទាំង៧ ទើបអាចតតាំងជាមួយសម្ព័ន្ធរបស់គណបក្ស Palang Pracharat ដែលជា ខ្សែរដ្ឋាភិបាលយោធាថៃ និងមានលោក ប្រយុទ្ធ ជាបេក្ខភាពនាយករដ្ឋមន្រ្តី។

គួរជម្រាបថា នៅថ្ងៃពុធនេះ សភាតំណាងរាស្រ្ត និងព្រឹទ្ធសភាថៃ នឹងធ្វើការបោះឆ្នោតសម្រេចជ្រើសរើសនាយករដ្ឋមន្រ្តី ដើម្បី ឆ្ពោះទៅរកការគ្រប់គ្រងប្រទេសតាមបែបស៊ីវិលឡើងវិញ ក្រោយថៃបានស្ថិតក្រោមរបបដឹកនាំយោធាអស់រយៈពេលជាង៥ឆ្នាំ ចាប់តាំងតែពីលោក ប្រាយុទ្ធ បានឡើងកាន់អំណាច តាមរយៈការធ្វើរដ្ឋប្រហារកាលពីឆ្នាំ២០១៤ ទម្លាក់រដ្ឋាភិបាល លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់៕