​(ឡាវ)៖ ក្រសួងរ៉ែ និងថាមពលឡាវ កំពុងព្យាយាមបញ្ចុះតម្លៃអគ្គិសនីឱ្យស្ថិតនៅក្នុងតម្លៃមួយសមរម្យ សម្រាប់បំពេញតម្រូវការប្រជាជននៅក្នុងតំបន់ និងអាជីវកម្មនានា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃអង្គារ ទី០៤ ខែមិថុនា ឆ្នាំ២០១៩។

ប្រជាជនមួយចំនួនធំនៅក្នុងប្រទេសឡាវ បានត្អូញត្អែរពីបញ្ហាតម្លៃអគ្គិសនី ដែលពួកគេបានអះអាងថា មានតម្លៃថ្លៃបើធៀបទៅនឹងប្រទេសជិតខាង។ ប៉ុន្តែ នៅក្នុងកិច្ចប្រជុំមួយ កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីរ៉ែ និងថាមពលឡាវ លោក Khammany Inthirath បានឱ្យដឹងថា រដ្ឋាភិបាលឡាវកំពុងរកមធ្យោបាយ បញ្ចុះតម្លៃអគ្គិសនីឱ្យនៅក្នុងកម្រិតសមរម្យ តាមរយៈគម្រោងអភិវឌ្ឍថាមពលនានារបស់រដ្ឋ។

គួរជម្រាបថា នៅក្នុងឆ្នាំ២០១៩នេះ ក្រសួងរ៉ែ និងថាមពលឡាវ រំពឹងថាអាចនឹងបញ្ចប់ជាស្ថាពរនូវ គម្រោងសាងសង់រោងចក្រថាមពលអគ្គិសនីចំនួន២០ ដែលមានសមត្ថភាពផលិតអគ្គិសនីបាន ២,២០៧ ម៉េហ្គាវ៉ាត់។ បច្ចុប្បន្ន ឡាវកំពុងដំណើរការរោងចក្រផលិតថាមពលអគ្គិសនីចំនួន៦៣ ជាមួយសមត្ថភាពផលិតថាមពលអគ្គិសនីបាន ៧,២១៣ម៉េហ្កាវ៉ាត់៕