(ឡុងដ៍)៖ ខណៈកំពុងស្ថិតក្នុងដំណើរបំពេញទស្សនកិច្ច នៅចក្រភពអង់គ្លេស ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នាថ្ងៃអង្គារនេះ (ពេលវេលានៅទីក្រុងឡុងដ៍) ត្រូវបានគេរំពឹងថា នឹងទាមទារឲ្យអង់គ្លេសដាក់បម្រាមលើក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei ពីការផ្គត់ផ្គង់បណ្តាញ 5G របស់ខ្លួន។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី០៤ ខែមិថុនា ឆ្នាំ២០១៩។

ខណៈថ្ងៃដំបូងនៃដំណើរទស្សនកិច្ច រូបលោកត្រូវបានទទួលស្វាគមន៍ដោយម្ចាស់ក្សត្រីយ៍អង់គ្លេស អេលីហ្សាប៊ែត (Elizabeth) និងព្រះអង្គម្ចាស់ ឆាល (Charles) នាថ្ងៃទីពីរនេះលោក ដូណាល់ ត្រាំ នឹងងាកទៅផ្តោតលើរឿងនយោបាយវិញម្តង តាមរយៈកិច្ចជជែកពិភាក្សានៅក្នុង វិមានរដ្ឋាភិបាលអង់គ្លេស Downing Street ការធ្វើសន្និសីទកាសែត និងការទទួលទានអាហារពេលល្ងាច ដែលអាចមានវត្តមានបណ្តាបេក្ខភាព ដែលនឹងត្រូវបន្តតំណែងពីនាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី ថេរ៉េសា ម៉ាយ (Theresa May) ក្នុងនោះមានទាំងអតីតរដ្ឋមន្រ្តីការបរទេសអង់គ្លេសលោក បូរីស ចនសុន (Boris Johnson) ដែលលោក ត្រាំ ទើបតែបង្ហាញការគាំទ្រ។

គួរជម្រាបថា ក្រៅពី Brexit (ដំណើរការដកអង់គ្លេសចេញពីសហភាពអឺរ៉ុប) បញ្ហាទាក់ទងនឹងក្រុមហ៊ុន Huawei ក៏នឹងក្លាយជាប្រធានបទដ៏សំខាន់មួយ ក្នុងកិច្ចពិភាក្សារបស់លោក ត្រាំ នៅទីក្រុងឡុងដ៍ដែរ បន្ទាប់ពីរដ្ឋាភិបាលអង់គ្លេស ហាក់បានប្រឆាំងនឹងការទាមទាររបស់រដ្ឋបាលលោក ហើយអនុញ្ញាតឲ្យក្រុមហ៊ុនចិន Huawei ចូលរួមចំណែកខ្លះក្នុងកិច្ចកសាងបណ្តាញ 5G របស់ខ្លួន។

ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ត្រាំ នេះទៀតសោត ក៏កំពុងប្រឈមនឹងការធ្វើបាតុកម្មតវ៉ាយ៉ាងកក្រើក ពីសំណាក់ប្រជាជនអង់គ្លេស នៅពាសពេញទីក្រុងឡុងដ៍ផងដែរ៕