(អ៊ីស្រាអែល)៖ យោធាអ៊ីស្រាអែល បានទទួលស្គាល់ថាខ្លួនពិតជាបានដឹកនាំការវាយប្រហារតាមផ្លូវអាកាស ប្រឆាំងនឹងមូលដ្ឋានយោធាជាច្រើនកន្លែងរបស់កងទ័ពស៊ីរី ជាការសងសឹកនឹងគ្រាប់រ៉ុក្កែតដែលត្រូវគេបាញ់ ចេញពីទឹកដីស៊ីរីមកលើទឹកដីអ៊ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅថ្ងៃអាទិត្យ ទី០២ ខែមិថុនា ឆ្នាំ២០១៩។

នៅក្នុងសេចក្ដីថ្លែងការណ៍ដ៏កម្រមួយចេញផ្សាយនៅថ្ងៃអាទិត្យនេះ យោធាអ៊ីស្រាអែល បានបញ្ជាក់ដូច្នេះ ថា៖ «យន្ដហោះចម្បាំង និងឧទ្ធម្ភាគចក្រប្រយុទ្ធរបស់អ៊ីស្រាអែលជាច្រើនគ្រឿង បានបើកការវាយប្រហារ លើមូលដ្ឋានទ័ពជាច្រើនកន្លែង ក្នុងនោះរួមមានទាំងទីបញ្ជាការកាំភ្លើងចំនួន២ទីតាំង និងប្រព័ន្ធការពារដែន អាកាសរបស់ស៊ីរីផងដែរ»

គួរជម្រាបថា បើតាមយោធាអ៊ីស្រាអែល ការវាយប្រហាររបស់ខ្លួន គឺធ្វើឡើងជាការសងសឹកទៅនឹងគ្រាប់ រ៉ុក្កែត២គ្រាប់ដែលគេបាញ់ចេញពីទឹកដីស៊ីរី ទៅកាន់តំបន់ Hermon ស្ថិតនៅភាគខាងជើងនៃតំបន់ Golan Heights កាលពីយប់ថ្ងៃសៅរ៍។ ចំណែកឯ ខាងទីក្រុងដាម៉ាស់ បានអះអាងថាយោធាស៊ីរី៣នាក់បានស្លាប់ និង៧នាក់រងរបួស​ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល៕