(ឡុងដ៍)៖ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់នៅថ្ងៃអាទិត្យនេះ បានឱ្យដឹងថា បើសិនជាជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅឯតំបន់ឈូងសមុទ្រពែកផ្ទុះឡើង នោះវានឹងធ្វើឱ្យតម្លៃប្រេងហក់ឡើងខ្ពស់ជាង១០០ដុល្លារ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០២ ខែមិថុនា ឆ្នាំ២០១៩។

លោក Yahya Rahim Safavi ដែលជាទីប្រឹក្សាយោធាជាន់ខ្ពស់ម្នាក់របស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei ធ្វើការកត់សម្គាល់បែបនេះប្រាប់សារព័ត៌មានអ៊ីរ៉ង់ Fars។ លោក Safavi បានគូសបញ្ជាក់ដូច្នេះថា៖ «គ្រាប់កាំភ្លើងបាញ់ចេញតែមួយគ្រាប់នៅក្នុងតំបន់ឈូងសមុទ្រពែក នឹងធ្វើឱ្យ តម្លៃប្រេងហក់ឡើងខ្ពស់ជាង១០០ដុល្លារ...ហើយនេះមិនមែនជារឿងដែលសហរដ្ឋអាមេរិក អឺរ៉ុប ឬក៏សម្ព័ន្ធ មិត្តអាមេរិកដូចជាជប៉ុន និងកូរ៉េខាងត្បូង ចង់បាននោះឡើយ»។

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រូហានី បានអះអាងថាទីក្រុងតេហេរ៉ង់ នឹងបើកទ្វារចរចាជាមួយសហរដ្ឋអាមេរិក បើទីក្រុងវ៉ាស៊ីនតោនបង្ហាញការគោរពដល់អ្នកដទៃ និងអនុវត្តតាមច្បាប់អន្តរជាតិ៕