(សិង្ហបុរី)៖ រដ្ឋមន្ត្រីការពារជាតិចិន លោក Wei Fenghe នៅថ្ងៃអាទិត្យនេះ បានព្រមានថាបើសិនជា សង្រ្គាមរវាងសហរដ្ឋអាមេរិក និងចិនផ្ទុះឡើង នោះវានឹងបង្កជាគ្រោះមហន្តរាយដ៏ធំធេងដល់ពិភពលោក ទាំងមូល ខណៈមហាអំណាចទាំង២ កំពុងមានភាពតានតឹងគ្នាទាំងផ្នែកសេដ្ឋកិច្ច និងយោធា។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃអាទិត្យ ទី០២ ខែមិថុនា ឆ្នាំ២០១៩។

ថ្លែងនាឱកាសចូលរួមកិច្ចប្រជុំ កំពូលស្ដីពីសន្តិសុខ Shangri-La Dialogue ក្នុងប្រទេសសិង្ហបុរី និងបន្ទាប់ពី រដ្ឋមន្ត្រីការពារជាតិស្ដីទីអាមេរិក លោក Patrick Shanahan ចោទថាចិនកំពុងបង្កអស្ថេរភាពក្នុងតំបន់ អាស៊ី លោក Fenghe ក៏បានសង្កត់ធ្ងន់ដែរថាចិននឹងមិនវាយប្រហារលើប្រទេសណាមួយមុននោះទេ ប៉ុន្តែ ក៏មិនស្ទាក់ស្ទើរក្នុងការប្រើប្រាស់កម្លាំងយោធាដើម្បីការពារខ្លួនដែរ។

លោក Fenghe បានបន្ថែមដូច្នេះថា៖ «ទាំងសហរដ្ឋអាមេរិក និងចិនសុទ្ធតែដឹងថាជម្លោះ ឬសង្រ្គាម នឹង បង្កជាគ្រោះមហន្តរាយដ៏ធំធេងដល់ប្រទេសទាំង២ និងពិភពលោកទាំងមូល...»

គួរបញ្ជាក់ថា បច្ចុប្បន្ន ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន កំពុងមានភាពតានតឹងយ៉ាងខ្លាំងដោយសារ ជម្លោះពាណិជ្ជកម្ម និងបញ្ហាកោះតៃវ៉ាន់ រួមទាំងតំបន់សមុទ្រចិនខាងត្បូង ជាទីដែលនាវាចម្បាំងអាមេរិក តែងតែបង្ហាញខ្លួនធ្វើឱ្យចិនក្ដៅក្រហាយ៕