(ដាម៉ាស់)៖ យោធាស៊ីរី ៣នាក់បានស្លាប់ និង៧នាក់ផ្សេងទៀតរងរបួស នៅក្នុងការវាយប្រហារដោយ គ្រាប់មីស៊ីលរបស់អ៊ីស្រាអែល។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរី ដកស្រង់ចេញផ្សាយដោយ​សារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី០២ ខែមិថុនា ឆ្នាំ២០១៩។

មុនដំបូងឡើយ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរី SANA នៅថ្ងៃអាទិត្យនេះ ក៏បានឱ្យដឹងដែរថាប្រព័ន្ធមីស៊ីល ការពារដែនអាកាសរបស់កងទ័ពស៊ីរី បានបាញ់កម្ទេចមីស៊ីលរបស់សត្រូវជាច្រើនគ្រាប់នៅឯ​ភាគខាងត្បូងទីក្រុងដាម៉ាស់។

ប៉ុន្តែ ដោយផ្អែកលើប្រភពពីយោធាស៊ីរី SANA បានរាយការណ៍បន្ថែមថា មីស៊ីលជាច្រើនគ្រាប់ត្រូវបាន បាញ់ដោយយោធាអ៊ីស្រាអែលចេញពីតំបន់ Golan heights មកកាន់ភាគខាងត្បូងទីក្រុងដាម៉ាស់ ដោយបណ្ដាលឱ្យយោធាស៊ីរី៣នាក់បាត់បង់ជីវិត និង៧នាក់រងរបួស។ ចំណែកឯ ខាងអ៊ីស្រាអែលក៏បាន ទទួលស្គាល់ដែរថាខ្លួនបានដឹកនាំការវាយប្រហារលើទីតាំងជាច្រើនកន្លែងរបស់យោធាស៊ីរី៕