(សិង្ហបុរី)៖ ទីក្រុងប៉េកាំង បានត្រៀមខ្លួនរួចជាស្រេច ក្នុងការតស៊ូប្រយុទ្ធរហូតដល់ដង្ហើមចុងក្រោយ ដើម្បីការពារផលប្រយោជន៍ជាតិ ហើយនឹងមិនស្ទាក់ស្ទើរឡើយក្នុងការប្រើប្រាស់កម្លាំងយោធា បើសិន ជាកងកម្លាំង​បរទេសណាមួយហ៊ានបំផ្លាញគោលនយោបាយចិនតែមួយ ដោយយកកោះតៃវ៉ាន់ចេញពី ចិន។ នេះគឺជាការព្រមានរបស់រដ្ឋមន្ត្រីការពារជាតិចិន ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃអាទិត្យ ទី០២ ខែមិថុនា ឆ្នាំ២០១៩។

រដ្ឋមន្ត្រីការពារជាតិចិន លោក Wei Fenghe ធ្វើការកត់សម្គាល់បែបនេះប្រាប់ក្រុមប្រតិភូដែលចូលរួម ក្នុងកិច្ចប្រជុំស្ដីពីសន្តិសុខ Shangri-La Dialogue ក្នុងប្រទេសសិង្ហបុរី។ លោក Fenghe បានគូសបញ្ជាក់ដូច្នេះថា៖ «កងទ័ពរំដោះប្រជាជនចិននឹងគ្មានជម្រើសអ្វីផ្សេងឡើយក្រៅតែ ពីការប្រយុទ្ធដើម្បីការពារកោះតៃវ៉ាន់ បើសិនជាសហរដ្ឋអាមេរិក ឬកងកម្លាំងបរទេសណាមួយចង់យក កោះតៃវ៉ាន់ចេញពីចិន»។

តែទោះជាយ៉ាងនេះក្ដី រដ្ឋមន្ត្រីការពារជាតិចិនរូបនេះ ក៏បានអះអាងដែរថា ចិន និងសហរដ្ឋអាមេរិក សុទ្ធតែដឹងយ៉ាងច្បាស់ថាសង្រ្គាមនឹងបង្កជាគ្រោះមហន្តរាយធ្ងន់ធ្ងរ ហើយម្យ៉ាងវិញទៀតទីក្រុងប៉េកាំង បានប្ដេជ្ញាចិត្តជានិច្ចក្នុងកិច្ចការពារសន្តិភាព និងស្ថេរភាពនៅក្នុងតំបន់។

គួរបញ្ជាក់ថា ការលើកឡើងខាងលើរបស់លោក Wei Fenghe កើតមានឡើងបន្ទាប់ពីរដ្ឋមន្ត្រីការពារ ជាតិអាមេរិកស្ដីទី លោក Patrick Shanahan កាលពីថ្ងៃសៅរ៍ បានចោទប្រកាន់ចិនត្រង់ៗថាកំពុងបង្ក អស្ថិរភាពនៅតំបន់អាស៊ី៕