(ប៉េកាំង)៖ សង្គ្រាមពាណិជ្ជកម្ម និងការដំឡើងពន្ធដោយសហរដ្ឋអាមេរិក ទៅលើបណ្តាប្រទេស​នានាជាពិសេសប្រទេសចិន បានធ្វើឲ្យទំនាក់ទំនងចិន និងរុស្ស៊ីកាន់តែស្អិតល្មួតឡើង ខណៈរុស្ស៊ីក៏កំពុងទទួលរងទណ្ឌកម្មសេដ្ឋកិច្ចពីអាមេរិកដូចគ្នា។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នាល្ងាចថ្ងៃសៅរ៍ ទី០១ ខែមិថុនា ឆ្នាំ២០១៩។

ជាក់ស្តែងបច្ចុប្បន្នសហរដ្ឋអាមេរិកកំពុងតែបង្កើនសម្ពាធ លើវិស័យពាណិជ្ជកម្មជាមួយចិនកាន់តែ​ខ្លាំងឡើងៗតាមរយៈការដំឡើងពន្ធ និងការកត់ឈ្មោះក្រុមហ៊ុនចិនជាច្រើនចូលក្នុងបញ្ជីខ្មៅ ព្រមទាំងការកៀរគរសម្ព័ន្ធមិត្តរបស់ខ្លួន ឲ្យចូលរួមដាក់សម្ពាធចិនថែមទៀតផង។ ដោយឡែក​ប្រទេសរុស្ស៊ីដែលពីមុនមកតែងតែធ្វើពាណិជ្ជកម្មធំធេង ជាមួយបណ្តាប្រទេសអ៊ឺរ៉ុបនោះ បានប្រែក្លាយបញ្ហាក្រោយការផ្ទុះជម្លោះនៅភាគខាងកើតអ៊ុយក្រែន កាលពីឆ្នាំ២០១៤ ដែលនាំឲ្យសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបដាក់ទណ្ឌកម្មលើប្រទេសនេះ ខណៈវិស័យថាមពល និងកសិកម្ម គឺបាននិងកំពុងទទួលរងគ្រោះធ្ងន់ធ្ងរជាងគេ។

ដោយហេតុនេះហើយ ប្រទេសរុស្ស៊ីបានធ្វើការបត់ទិសដៅ ទៅផ្សាភ្ជាប់ពាណិជ្ជកម្មជាមួយចិន ឲ្យបានខ្លាំងក្លាជាងមុនលើគ្រប់វិស័យ ពីលើកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងប្រទេស​ទាំងពីរដែលស្រាប់កន្លងមក។ អ្នកជំនាញបានមើលឃើញថា កន្លងមកប្រទេសចិនតែងតែនាំ​ចូលផលិតផលកសិកម្មយ៉ាងច្រើនសន្ធឹកសន្ធាប់ពីកាណាដា និងសហរដ្ឋអាមេរិក ប៉ុន្តែពេលនេះ​វាដល់ពេលហើយដែលចិនត្រូវងាកមករករុស្ស៊ី ដើម្បីផ្គត់ផ្គង់ឲ្យខ្លួនកាន់តែច្រើនវិញ ដែលនេះជាការផ្តល់ឱកាសដ៏ធំសម្បើមមួយសម្រាប់រុស្ស៊ី។

បន្ថែមពីខាងលើនេះទៀត ប្រទេសចិនក៏គ្រោងតភ្ជាប់បណ្តាញបំពង់ផ្គត់ផ្គង់ឧស្ម័ន ពីប្រទេសរុស្ស៊ីផងដែរ ខណៈដែលពេលនេះបណ្តាញបំពង់ឧស្ម័នរវាងប្រទេសទាំងពីរ នៅមានតិចតួចនៅឡើយ។ អ្នកជំនាញនានាបានលើកឡើងថា តាមពិតទៅគឺប្រទេសរុស្ស៊ី និងចិន​មានវិស័យជាច្រើនដែលអាចធ្វើពាណិជ្ជកម្មរួមគ្នាបានយ៉ាងប្រសើរ ខណៈដែលចិនកំពុងជួបបញ្ហា​កាន់តែធ្ងន់ជាមួយអាមេរិក ឯរុស្ស៊ីវិញនៅតែរងទណ្ឌកម្មពីអឺរ៉ុបដដែល។ ដូច្នេះភាគីទាំងពីររំពឹងថា វិស័យពាណិជ្ជកម្មរួមគ្នា​ទៅថ្ងៃមុខ នឹងកាន់តែមានការរីកចំរើនជាលំដាប់ ហើយការពឹងផ្អែក​លើពាណិជ្ជកម្មជាមួយអាមេរិក និងអឺរ៉ុបនឹងត្រូវកាត់បន្ថយដើម្បីបញ្ចៀសហានិភ័យដូចបច្ចុប្បន្ន៕