(ហ្សាការតា)៖ អតីតស្ត្រីទីមួយនៃប្រទេសឥណ្ឌូណេស៊ី ដែលជាភរិយារបស់អតីតប្រធានាធិបតី​លោក ស៊ូស៊ីឡូបាំបាំង យូដូយូណូ បានទទួលមរណៈភាពហើយនៅអាយុ ៦៧ឆ្នាំ ក្នុងមន្ទីរពេទ្យមួយនៃប្រទេសសិង្ហបុរី ខណៈប្រធានាធិបតីឥណ្ឌូណេស៊ីលោក ចូកូ វីដូដូ បានចេញសាររំលែកទុក្ខ ចំពោះមរណភាពនេះភ្លាមៗពីរដ្ឋធានីហ្សាការតា។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មានហ្សាការតាប៉ុស្តិ៍ នារសៀលថ្ងៃសៅរ៍ ទី០១ ខែមិថុនា ឆ្នាំ២០១៩។

សេចក្តីប្រកាសអំពីមរណភាពនេះត្រូវបានធ្វើឡើង ដោយក្រសួងការបរទេសសិង្ហបុរីជូនចំពោះ​ប្រជាជាតិឥណ្ឌូណេស៊ី បន្ទាប់ពីលោកស្រី គ្រីស្ទានី ហែរ៉ាវ៉ាទី (Kristiani Herrawati Yudhoyono) បានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យសាកលវិទ្យាជាតិសិង្ហបុរី តាំងខែពីខែកុម្ភៈ មកម្ល៉េះ ហើយបើគិតមកទល់នឹងពេលនេះគឺមានរយៈពេលជិត ៤ខែហើយ។ ពេលនេះ​អាជ្ញាធរសិង្ហបុរីកំពុងសម្រួលការរៀបចំ ដឹកសាកសពលោកស្រី​ទៅកាន់ទឹកដីកំណើតឥណ្ឌូណេស៊ីវិញនៅព្រឹកថ្ងៃស្អែក (ថ្ងៃអាទិត្យ) ដើម្បីប្រារព្ធពិធីបុណ្យទៅតាមប្រពៃណី។

គួរបញ្ជាក់ថា លោកស្រី គ្រីស្ទានី ហែរ៉ាវ៉ាទី យូដូយូណូ បានក្លាយជាស្ត្រីទី ១ (First Lady) នៃប្រទេសឥណ្ឌូណេស៊ី នៅពេលស្វាមីលោកស្រីជាប់ឆ្នោតជាប្រធានាធិបតីឥណ្ឌូណេស៊ី រហូតដល់ទៅពីរអាណត្តិជាប់គ្នា គឺពីឆ្នាំ២០០៤ ដល់ឆ្នាំ២០១៤។ ពុំមានការបញ្ជាក់អំពីជំងឺរបស់​លោកស្រីនោះឡើយ ប៉ុន្តែអ្នកនាំពាក្យក្រុមគ្រួសារលោកស្រី គ្រីស្ទានី ហែរ៉ាវ៉ាទី បានបញ្ជាក់ថា លោកស្រីបានទទួលមរណភាពទៅប្រកបដោយក្តីស្ងប់សុខ៕