(កង់បេរ៉ា)៖ ទីក្រុងវ៉ាស៊ីនតោនកំពុងតែដើរនៅលើផ្លូវ ដែលកាត់ផ្តាច់ខ្លួនឯងពីពិភពលោក តាមរយៈការបង្កជម្លោះពាណិជ្ជកម្ម ប្រឆាំងនឹងដៃគូពាណិជ្ជកម្មធំៗរបស់ខ្លួន និងមើលងាយចំពោះស្មារតីនៃការធ្វើពាណិជ្ជកម្មដោយសេរី និងប្រព័ន្ធពាណិជ្ជកម្មសកល ដែលប្រទេសដទៃទៀតនៅជុំវិញពិភពលោក បានទទួលយកយ៉ាងទូលំទូលាយ។ ជាលទ្ធផលការងើបឡើងវិញនៃសេដ្ឋកិច្ចសកល ត្រូវស្ថិតក្រោមហានិភ័យទៅវិញ។

ប្រទេសធំៗមួយចំនួននៅអឺរ៉ុប ក៏បានមិនយល់ស្របជាមួយទីក្រុងវ៉ាស៊ីនតោនឡើយ ជុំវិញការសម្រេចដាក់បម្រាមពាណិជ្ជកម្មលើក្រុមហ៊ុន Huawei។ តួយ៉ាងដូចជា អធិកាបតីអាល្លឺម៉ង់ លោកស្រី អេនជែឡា មើរគែល (Angela Merkel) បានប្រកាសប្រកាន់គោលជំហរដដែលថា បច្ចេកវិទ្យារបស់ក្រុមហ៊ុន Huawei នៅតែស្វាគមន៍ឲ្យចូលរួមប្រកួតប្រជែងក្នុងទីផ្សារអន្តរជាតិ។

រីឯប្រធានាធិបតីបារាំង លោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron) បាននិយាយថា បារាំង និងអឺរ៉ុប ជឿជាក់ទៅលើកិច្ចសហប្រតិបត្តិការ គឺមិនរើសអើងនរណាម្នាក់ឡើយ។ នៅអាស៊ីវិញនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក មហាធៀ ម៉ូហាម៉េដ (Mahathir Mohamad) បានថ្លែងគាំទ្រក្រុមហ៊ុន Huawei ដោយគូសបញ្ជាក់ច្បាស់ៗថា ប្រទេសលោកនឹងបន្តប្រើប្រាស់បច្ចេកវិទ្យារបស់ក្រុមហ៊ុននេះ ដើម្បីជាប្រយោជន៍ និងមិនខ្វល់ពីការបម្រាមរបស់អាមេរិក មកលើក្រុមហ៊ុនបច្ចេកវិទ្យាយក្ស របស់ចិននេះ និងអ្នកបន្តប្រើប្រាស់ Huawei នោះឡើយ។

មិនតែប៉ុណ្ណោះ ទីក្រុងវ៉ាស៊ីនតោនក៏កាន់តែទម្លាប់ខ្លួនក្នុងការប្រើប្រាស់ ឋានៈដែលជាប្រទេសមហាអំណាច ទៅដើរជិះជាន់ធ្វើបាបអ្នកដទៃ ដើម្បីតែប្រយោជន៍ខ្លួនឯង។ ដូចជាករណីតួកគីជាដើម អាមេរិកបានព្រមានដាក់ពិន័យ ផ្នែកសេដ្ឋកិច្ចលើតួកគី ប្រសិនបើតួកគីមិនលុបចោលកិច្ចព្រមព្រៀង ទិញប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ីទេនោះ ហើយបានបញ្ចុះបញ្ចូលចង់ឲ្យតួកគី ងាកមកទិញប្រព័ន្ធមីស៊ីល Patriot របស់អាមេរិកវិញដែលមានតម្លៃថ្លៃលើស S-400 រហូតដល់ទៅ ០៧ដង។

ខណៈដែលខ្លួនកំពុងព្យាយាមលេងផ្លូវអាក្រក់ក្នុងវិស័យបច្ចេកវិទ្យា និងពាណិជ្ជកម្ម ទីក្រុងវ៉ាស៊ីនតោនក៏កំពុងតែបង្រួញភាពទទួលខុសត្រូវ នៅលើឆាកអន្តរជាតិផងដែរ។ ក្នុងរយៈពេលមិនដល់ ០៣ឆ្នាំឡើយ សហរដ្ឋអាមេរិកបានដើរចេញពីកិច្ចព្រមព្រៀង និងស្ថាប័នអន្តរជាតិធំៗជាច្រើនរួមមាន កិច្ចព្រមព្រៀងទប់ស្កាត់ បញ្ហាបម្រែបម្រួលអាកាសធាតុទីក្រុងប៉ារីស, កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់, សន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរជាមួយរុស្ស៊ី INF, ព្រមទាំងស្ថាប័នអប់រំវិទ្យាសាស្រ្ត និងវប្បធម៌របស់អង្គការសហប្រជាជាតិជាដើម។

គោលការណ៍ចម្បងដែលយកខ្លួនឯងជាសំខាន់របស់សហរដ្ឋអាមេរិក (America First) កំពុងធ្វើឲ្យប្រទេសមួយនេះក្លាយជាប្រទេសឯកោ (America Alone) ព្រោះថា ស្ថិតក្នុងសម័យសកលភាវូបនីយកម្ម គ្រប់ប្រទេសនានាត្រូវតែចេះរួមសហការ ដើម្បីឆ្ពោះទៅរកការរីកចម្រើនលូតលាស់ទាំងអស់គ្នា ប៉ុន្តែគ្មាននរណាម្នាក់ ចង់បានដៃគូដែលមានភាពក្រអឺតក្រទម ចូលចិត្តប្រើអំណាចគាបសង្កត់ និងប្រែប្រួល ដូចចុងស្រល់ឡើយ ដោយប្រទេសបែបនោះនៅលើឆាកអន្តរជាតិ មានដៃគូ និងអ្នកដើរតាមតិច ហើយនៅទីបំផុតប្រទេសនោះអាចនឹងធ្លាក់ខ្លួនទៅជា ប្រទេសមហាអំណាចខ្លួនមួយជាក់ជាមិនខាន៕

ប្រភព៖ បទវិចារណកថារបស់ទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ (ដកស្រង់នៅព្រឹកថ្ងៃសៅរ៍ ទី០១ ខែមិថុនា ឆ្នា២០១៩)