(សិង្ហបុរី)៖ នាយករដ្ឋមន្រ្តីសិង្ហបុរី លោក លី សៀនឡុង (Lee Hsien Loong) បានលើកឡើងថា ការប្រឈមមុខដាក់គ្នារវាងសហរដ្ឋអាមេរិក និងប្រទេសចិនពុំមែនជា រឿងដែលមិនអាចជៀសបាននោះឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី​សារព័ត៌មាន Channel News Asia នាព្រឹកថ្ងៃសៅរ៍ ទី០១ ខែមិថុនា ឆ្នាំ២០១៩។

ក្នុងឱកាសនៃការថ្លែងសុន្ទរកថាបើកវេទិកាកិច្ចសន្ទនា សាំងគ្រីឡា (Shangri-La) ឆ្នាំ២០១៩ ដែលរៀបចំឡើងនៅប្រទេសសិង្ហបុរី លោក Lee បានលើកឡើងថា «ការបន្តដើរលើផ្លូវនៃភាពតានតឹងនាពេលបច្ចុប្បន្ន នឹងជាកំហុសឆ្គងដ៏ធ្ងន់ធ្ងរមួយ សម្រាប់ប្រទេសទាំងពីរ»។ លោកនាយករដ្ឋមន្រ្តីសិង្ហបុរីបានបន្តថា អាមេរិក និងចិនសុទ្ធតែមិនចង់ឲ្យភាគីម្ខាងទៀតយល់ថា ខ្លួនឯងទន់ខ្សោយនោះឡើយ ដោយទីក្រុងវ៉ាស៊ីនតោនបានបង្ហាញថា ខ្លួនគឺនៅតែជឿនលឿននាំមុខគ្នា​ក្នុងគ្រប់វិស័យទាំងអស់ ខណៈទីក្រុងប៉េកាំងវិញមិនអាច បង្ហាញភាពចុះញ៉ម ចំពោះសម្ពាធពីលោកខាងលិចបាននោះទេ។

លោក Lee បានបញ្ជាក់ថា ដោយសារគោលជំហរយកឈ្នះចាញ់គ្នាបែបនេះហើយ ទើបធ្វើឲ្យវាលំបាកខ្លាំងក្នុងការបង្កើតកិច្ចព្រមព្រៀងមួយ ដែលអាចទទួលយកបានដោយភាគីទាំងពីរ។ ទោះជាបែបនេះក្តី ទាំងអាមេរិក និងចិន គឺនៅតែត្រូវឈានដល់ការសម្របសម្រួលគ្នា ហើយបញ្ចុះបញ្ចូលប្រជាជនទាំងសងខាង​ឲ្យទទួលយករឿងនេះ។

គួរជម្រាបថា រដ្ឋមន្រ្តីការពារជាតិស្តីទីរបស់អាមេរិក លោក ផាទ្រីក ហ្សាណាហាន (Patrick Shanahan) និងរដ្ឋមន្រ្តីការពារជាតិចិន លោក វៃ ហ្វេងហេ (Wei Fenghe) ក៏ នឹងត្រូវឡើងថ្លែងសុន្ទរកថា នៅក្នុងវេទិកាខាងលើផងដែរ ខណៈមហាអំណាចទាំងពីរ កំពុងតែមានភាពតានតឹងជាមួយគ្នាខ្លាំង ទាំងផ្នែកដែនសមុទ្រ ពាណិជ្ជកម្ម និងបច្ចេកវិទ្យា ដោយសារតែអាមេរិកបានដាក់ក្រុមហ៊ុនយក្សចិន Huawei ចូលទៅក្នុងបញ្ជីខ្មៅ ដោយសំអាងលើការស៊ើបអង្កេតដោយខ្លួនឯងរកឃើញថា ក្រុមហ៊ុននេះកំពុងគំរាមកំហែងសន្តិសុខអាមេរិក៕