(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងថា អតីតរដ្ឋមន្រ្តីការបរទេសអង់គ្លេស លោក Boris Johnson គឺជាជម្រើសដ៏ប្រសើរ សម្រាប់តំណែងនាយករដ្ឋមន្រ្តីថ្មី របស់ចក្រភពអង់គ្លេស។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី០១ ខែមិថុនា ឆ្នាំ២០១៩។

តាមរយៈបទសម្ភាសន៍មួយដែលចុះផ្សាយដោយសារព័ត៌មានអង់គ្លេស The Sun លោក ដូណាល់ ត្រាំ បាននិយាយថា តាមពិតទៅ លោកបានសិក្សាអំពីបេក្ខភាព ដែលកំពុងប្រជែងយកតំណែងនាយករដ្ឋមន្រ្តីអង់គ្លេស ជំនួសលោកស្រី Theresa May ប៉ុន្តែលោក គិតថាលោក Boris Johnson នឹងធ្វើបានល្អបំផុតក្នុងការកាន់មុខតំណែងនេះ និយាយរួមលោក Johnson គឺជាជម្រើសល្អឥតខ្ចោះ។

គួរជម្រាបថា កាលពីសប្តាហ៍មុន នាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី Theresa May បានប្រកាសថា លោកស្រីនឹងលាលែងពីមុខ តំណែងនៅថ្ងៃទី០៧ ខែមិថុនា ក៏ប៉ុន្តែនឹងបន្តកាន់តួនាទីនេះជាបណ្តោះអាសន្ន រហូតដល់បេក្ខភាពថ្មី ត្រូវបានជ្រើសរើសរួចរាល់ ដែលអាចនឹងកើត ឡើងនៅមុនដំណាច់ខែកក្កដា ខណៈបេក្ខជនដែលត្រូវប្រជែងយកតំណែងនាយករដ្ឋមន្រ្តីថ្មី មានចំនួន០៨នាក់។

ការប្រកាសចុះចេញពីតំណែងរបស់លោកស្រី Theresa May ធ្វើឡើង នៅចំពោះមុខការដាក់សម្ពាធពីក្នុងគណបក្សលោកស្រី ផ្ទាល់ បូករួមជាមួយការបន្តជាប់គាំងនៃ កិច្ចព្រមព្រៀងជាមួយសហភាពអឺរ៉ុប ជុំវិញដំណើរការដកអង់គ្លេសចេញពី EU ដោយ កិច្ចព្រមព្រៀងនោះ ត្រូវបានសភាអង់គ្លេសទាត់ចោលសរុបដល់ទៅ០៣ដង៕