(បាងកក)៖ សភាតំណាងរាស្រ្ត និងព្រឹទ្ធសភានៃប្រទេសថៃ បានព្រមព្រៀងគ្នាថា នឹងរៀបចំការបោះឆ្នោតជ្រើសរើស នាយករដ្ឋមន្រ្តីថ្មី នៅថ្ងៃពុធសប្តាហ៍ក្រោយ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា បន្ទាប់ពីប្រធាននិងអនុប្រធាននៃសភាទាំងពីរ ត្រូវបានព្រះមហាក្សត្រថៃព្រះបាទ មហា វិជ្ជិរ៉ាឡុងកន ទទួលស្គាល់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ នៅយប់ថ្ងៃសុក្រ ទី៣១ ខែឧសភា ឆ្នាំ២០១៩។

ប្រធានសភាតំណាងរាស្រ្តថៃ លោក Chuan Leekpai នាថ្ងៃសុក្រនេះ បានឲ្យដឹងថា រូបលោកបានពិគ្រោះគ្នាជាមួយ ប្រធានព្រឹទ្ធសភា លោក Pornpetch Wichitcholchai ហើយក៏បានឯកភាពរៀបចំកិច្ចប្រជុំរួមមួយរវាងសភាទាំងពីរ នៅថ្ងៃពុធសប្តាហ៍ក្រោយ សម្រាប់ការបោះឆ្នោតសម្រេចជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី។

គួរជម្រាបថា បេក្ខជនដែលអាចក្លាយជានាយករដ្ឋមន្រ្តីបាន ត្រូវការសំឡេង គាំទ្រភាគច្រើនពីសភាទាំងពីរ គឺស្មើនឹង៣៧៦សំឡេង ក្នុងចំណោម សំឡេងសរុប៧៥០ ខណៈក្នុងនោះ សមាជិកទាំង២៥០នាក់នៅព្រឹទ្ធសភា ត្រូវបានជ្រើសតាំងផ្ទាល់ ដោយ ក្រុមប្រឹក្សាជាតិដើម្បីសន្តិភាពនិងសណ្តាប់ធ្នាប់ ដែលដឹកនាំដោយនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា។

ហេតុដូច្នេះហើយ លោក ប្រាយុទ្ធ ត្រូវគេរំពឹងថា នឹងបន្តជាប់ជានាយករដ្ឋមន្រ្តីដដែល ដោយគ្រាន់តែថាលើកនេះ គឺនៅក្នុងនាមជានាយករដ្ឋមន្រ្តី ជ្រើសរើសតាមរយៈលទ្ធិប្រជាធិបតេយ្យ ប្រសិនបើសមាជិកព្រឹទ្ធសភាទាំងអស់ ឬក៏ស្ទើរតែទាំងអស់បោះឆ្នោតគាំទ្ររូបលោក ព្រោះថាគណបក្ស Palang Pracharath (PPRP) ដែលជាខ្សែរដ្ឋាភិបាលយោធាថៃ និងសម្ព័ន្ធមិត្តរបស់ខ្លួន មានសំឡេងគាំទ្ររួមបញ្ចូលគ្នានៅសភាតំណាងរាស្រ្ត ស្មើនឹងចំនួន១៩៨សំឡេងរួចជាស្រេច។

យ៉ាងណាមិញ ខាងលើនេះគឺត្រឹមជាការជ្រើសរើសនាយករដ្ឋមន្រ្តីប៉ុណ្ណោះ ប៉ុន្តែការបង្កើតរដ្ឋាភិបាល គឺជារឿងមួយផ្សេងទៀត ដែលនឹងពុំមានការចូលរួមសម្រេចពីព្រឹទ្ធសភាឡើយ។ ស្របពេលដែលគណបក្ស PPRP និងសម្ព័ន្ធមិត្តរបស់ខ្លួន នឹងជ្រើសតាំង លោក ប្រាយុទ្ធ ឲ្យបន្តធ្វើជាប្រមុខរដ្ឋាភិបាលថ្មី ក្រុមសម្ព័ន្ធគណបក្សប្រឆាំងរបបដឹកនាំយោធាថៃ ដែលមានបក្សភឿថៃ ដែលជាខ្សែ របស់អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ជាអ្នកដឹកនាំនោះ មិនទាន់បញ្ចេញឈ្មោះបេក្ខភាពរបស់ខ្លួន ដែលនឹងត្រូវប្រជែងជាមួយលោក ប្រាយុទ្ធ នៅឡើយទេ៕