(អាមេរិក)៖ ចុងខែឧសភា ឆ្នាំ២០១៩នេះ ត្រូវជាគម្រប់ខួប ៦០ឆ្នាំ នៃការបង្កើតប្រវត្តិសាស្រ្តរបស់សត្វស្វា ០២ក្បាល នៅពេលដែល ពួកវាបានធ្វើដំណើរឡើងទៅទីអវកាស ហើយត្រឡប់ចុះមកផែនដីវិញដោយសុវត្ថិភាព។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី៣១ ខែឧសភា ឆ្នាំ២០១៩។

កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៥៩ ស្វាញីពីរក្បាលមានឈ្មោះ Able និង Baker ត្រូវបានអ្នកវិទ្យាសាស្រ្ត នាំយកឡើងទីអវកាសកម្ពស់ជិត ៥០០គីឡូម៉ែត្រ ក្នុងអំឡុងការហោះហើរមួយមានរយៈពេល ១៥នាទី ដោយពេលនោះសត្វស្វាទាំង០២ក្បាល គ្រាន់តែជាសត្វស្វាក្នុងមន្ទីរពិសោធន៍ធម្មតាៗមួយប៉ុណ្ណោះ ក៏ប៉ុន្តែក្រោយមកពីការធ្វើដំណើរទៅកាន់ទីអវកាស ហើយត្រឡប់ចុះមកវិញដោយជោគជ័យ សត្វទាំងពីក្បាលនេះទទួលបានការចាប់អារម្មណ៍ជាខ្លាំង។

គួរជម្រាបថា សត្វស្វា Able និង Baker បានធ្វើដំណើរទៅទីអវកាស ក្រោមផ្នែកនៃបេសកកម្ម Bioflight #2 របស់ទីភ្នាក់ងារអវកាសអាមេរិក NASA ដោយរួមដំណើរជាមួយវត្ថុជាច្រើនទៀត រួមមានទាំងគំរូឈាម កោសិកាពពួកមីក្រូសារពាង្គកាយ និងសត្វកង្កែបជាដើម។ Able និង Baker ត្រូវគេចាត់ទុកថាសំណាងណាស់ ព្រោះសត្វស្វាដូចគ្នាចំនួន ០៦ក្បាល ដែលត្រូវបានគេបញ្ជូនឡើងទៅ ទីអវកាសមុនពួកវាគឺសុទ្ធតែមិនបានជួបវាសនាល្អឡើយ៕